(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអំពាវនាឲ្យប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តការធ្វើអនាម័យបន្តទៀត ដើម្បីការពារសុខភាពខ្លួនម្នាក់ៗ ពិសេសគឺការពារជំងឺឆ្លងកូវីដ១៩ ដែលកំពុងតែគំរាមកំហែង និងឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ នៅទូទាំងពិភពលោក។
ការអំពាវនាវរបស់លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ដូចនេះធ្វើឡើងនៅក្នុងឱកាស ដែលលោកស្រីអញ្ជើញចុះប្រគល់ផ្ទះចំនួន៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងចាស់ជរារស់នៅឃុំកកោះស្រុកសន្ទុក នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
លោកស្រីបានថ្លែងថា ទោះបីនៅមូលដ្ឋានយើងមិនទាន់មាន ករណីឆ្លងជំងឺកូវីដ១៩នេះ ក៏ដោយយើងត្រូវតែអនុវត្តការធ្វើអនាម័យ ដើម្បីការពារកុំឲ្យមានការឆ្លងជំងឺនេះ ដោយស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ កុំឲ្យមានការឆ្លង នៅក្នុងមូលដ្ឋានយើង។ ក្នុងករណីគ្មានអាល់កុល ឬជែលលាងដៃទេ ត្រូវឧស្សាហ៍លាងដៃឲ្យបានញឹកញាប់នឹងសាប៊ូ ព្រោះថាជំងឺកូវីដ១៩នេះ វាមិនទាន់ផុតរលុតពីលោកយើងនៅឡើយទេ។
លោកស្រី ខៀវ ស៊ីណា បញ្ជាក់ថា នៅគ្រប់កាលៈទេសៈ ពិសេសពេលប្រជាពលរដ្ឋជួបការលំបាកខ្វះខាត សម្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងជួយគិតគូរដល់សុខទុក្ខ និងជួយដោះស្រាយ ចំពោះការលំបាកខ្វះខាត ប្រជាពលរដ្ឋយើងជានិច្ច ទាំងការអញ្ជើញមកផ្ទាល់ និងតាមរយះក្រុមការងារ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយមិនបានដឹង ឬមិនជួយនោះទេ។
ដើម្បីជាចំណងដៃសម្រាប់ថ្ងៃឡើងថ្មីនេះ តាមរយៈលោកស្រី ខៀវ ស៊ីណា ជាចាន់តូ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានឧបត្ថម្ភដល់គ្រួសារ ដែលទទួលបានផ្ទះថ្មីទាំងគ្រួសារ ក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល អង្ករ ស្ករស ទឹកដោះគោ ទឹកក្រូចទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ត្រីខមី ថ្នាំពេទ្យ និងឃីត១កញ្ចប់។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្ទះដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់តាមរយៈលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតស្ត្រីមេម៉ាយ និងចាស់ជរារស់នៅស្រុកសន្ទុក គិតទាំងលើកនេះ គឺមានចំនួន៣៨០ខ្នងហើយ។
ផ្ទះនេះសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ ៦ម៉ែត្រទទឹង៤ម៉ែត្រ ដែលមួយខ្នងៗមានតម្លៃជាង១ពាន់ដុល្លាអាមេរិក។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកស្រី និងក្រុមការងារបាននាំអំណោយ ចុះចែកតាមខ្នងផ្ទះរួមមាន អង្ករ ថវិកា និងឃីតចែកជូនដល់គ្រួសារ ដែលជួបការលំបាក និងចាស់ជរានៅអំឡុង នៃការញ៉ាំញ៉ីពីជំងឺកូវីដ១៩ផងដែរ៕