(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថ ខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំង អាវុធហត្ថខណ្ឌឫស្សីកែវ ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ និងស្រាវជ្រាវរហូតតាមចាប់ ក្រុមចោរកាច់កម៉ូតូយ៉ាងសកម្ម តាមមូលដ្ឋានចំនួន៤នាក់ និងដកហូតម៉ូតូមួយគ្រឿង ដែលស៊ីគ្រឿងបន្លាស់ស្ទើរអស់ សល់តែគ្រោងឆ្អឹង ខណៈម៉ូតូដែលលួចបាន នាពេលកន្លងទៅ ត្រូវបានពួកគេយកទៅបញ្ចាំនៅតាមកុងស៊ី។
ការតាមចាប់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងក្រោយពីមន្រ្តីអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ទៀវ ប៊ុនថៃ នៅវេលាម៉ោង២និង៥នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីការបាត់ម៉ូតូមួយគ្រឿង កាលពីរំលងអាធ្រាត្រថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។ មេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅ លោក ភួង សុភី បានប្រាប់អង្គភាព Fresh News ថា ក្រោយពីទទួលពាក្យបណ្តឹង រួចមក អ.ហ យើងបានស្រាវជ្រាវកំណត់មុខសញ្ញាភ្លាមៗ ហើយបានសហការជាមួយជំនាញ អ.ហ ខណ្ឌឬស្សីកែវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់។ លោក ភួង សុភី បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព២លើកកន្លងមក ក្នុងកន្លែងតែមួយពេលវេលា ខុសគ្នាដោយលើកទី១ ធ្វើសកម្មភាពនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ គឺលួចកាច់ក ម៉ូតូស្កុបពី និងលើកទី២ ធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ គឺកាច់កម៉ូតូហុងដាឌ្រីមសង់សេរី២០១៣។ ជនសង្ស័យទាំង៤នាក់ រួមមានទី១ឈ្មោះ ញ៉ឹម សិរីវិទ្យា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកនៅភោជនីយដ្ឋានបឹងសុបន្តិ ទី២ឈ្មោះ គង់ សុទ្ធី (តាក់) អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ ចាន់ ណាង (នឿន) អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់គុកចំនួន២ឆ្នាំ និងទី៤ឈ្មោះ កុល សុភា (បារាំង) អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូឌ្រីមសង់សេ១២៥ មួយគ្រឿង សេរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CA-2554 ម៉ូតូនៅសល់តែតួរ ដោយត្រូវជនសង្ស័យយកទៅស៊ីគ្រឿងអស់។ ដោយឡែកម៉ូតូស្កុបពី១គ្រឿងទៀត ស្ថិតនៅកន្លែងប្រចាំក្នុងសង្កាត់ស្វាយប៉ាក។ សម្រាប់ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅ អ.ហ រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕