(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ខ្លួនបាននឹងកំពុងពិភាក្សាក្នុងការដាក់ពង្រាយទ័ពបន្ថែមទៀត ដោយដាក់ឲ្យមានការហោះហើរ យន្តហោះទម្លាក់គ្រាប់បែក ប្រភេទ B-52 របស់សហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តសាកល្បង គ្រាប់បែកអ៊ីដ្រូសែន របស់កូរ៉េខាងជើង នេះបើតាមព័ត៌មាន AFP ចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ។
រដ្ឋាភិបាលសេអ៊ូល ក៏បានប្រកាសឲ្យមាន ការរឹតបន្តឹងបន្ថែមទៀត លើចលនានៃប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការទៅធ្វើការនៅក្នុងសួនឧស្សាហកម្ម Kaesong ជាសួនឧស្សហកម្មរួមគ្នា រវាងប្រទេសកូរ៉េទាំងពីរ ដែលមានចម្ងាយប្រមាណគីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនចូលទៅកាន់ទឹកដីកូរ៉េខាងជើង។ កូរ៉េខាងត្បូង បានឈរលើជំហមិនយោគយល់អធ្យាស្រ័យ នៅក្នុងការសាកល្បងបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃពុធរបស់កូរ៉េខាងជើង ហើយបានជំរុញឲ្យ សហគមន៍អន្តរជាតិ ដាក់នូវទណ្ឌកម្មឃោរឃៅ ចំពោះរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ជាមួយនឹងការបង្ហាញភាពខ្លាំង នៅថ្ងៃអាទិត្យ យន្តហោះចម្បាំង ប្រភេទ B-52 អមដោយយន្តហោះ ប្រភេទ F-15 របស់កូរ៉េខាងត្បូង និងយន្តហោះប្រភេទ F-16 របស់សហរដ្ឋអាម៉េរិក បានហោះនៅលើដែនអាកាសនៃមូលដ្ឋានទ័ពអាកាស Osan Air Base មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងត្បូង នៃព្រំដែនកូរ៉េទាំងពីរ៕