(មណ្ឌលគិរី)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ រួមនឹងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមនឹងអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីអង្គការដៃគូផងនោះ បានចុះពិនិត្យលើការងារការពារ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ការចុះពិនិត្យលើការងារការពារ និងអភិរក្សតំបន់ដែនជម្រក សត្វព្រៃកែវសីម៉ា បានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២០។
ក្នុងពេលចុះពិនិត្យលើការងារការពារ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា លោក សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះដែនជម្រកសត្វព្រៃកែវសីម៉ា ដែលមានប្រព័ន្ធអេកូឡូស៊ីសម្បូណ៌បែបក្នុងនោះប្រភេទសត្វកម្រ និងប្រភេទសត្វជិតផុតពូជនៅលើពិភពលោកចំនួន ៦០ ប្រភេទ ដូចជាសត្វស្វាព្រាមជាដើម និងមានប្រភេទសត្វ ២៥ ប្រភេទ ដែលស៉ីសាច់ជាអាហារ ដូចជាសត្វខ្លា។ ជាពិសេសជាងនេះ ដែនជម្រកសត្វព្រៃកែវសីម៉ា ជាកន្លែងតែមួយគត់នៅលើពិភពលោកដែលមានឆ្មាចំនួន ៧ ប្រភេទ ហើយក៏ជាទីកន្លែងសម្រាប់ការងារអភិរក្សអន្តរជាតិលើប្រភេទសត្វដំរីអាស៉ីផងដែរ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណមន្ត្រីឧទ្យានុរក្ស និងអង្គការអភិរក្សសត្វព្រៃ WCS ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ខិតខំប្រឹងប្រែងចុះល្បាតការពារធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ និងបង្ក្រាបបទល្មើសលួចកាប់បំផ្លាញព្រៃឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់។ លោកបានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៉ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅគាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។ ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ។ លោករដ្ឋមន្ត្រី បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៉ីប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។
លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹក និងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៉ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។ រហូតមកទល់នឹងឆ្នាំ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៩ សហគមន៍ ហើយបាននិងកំពុងចូលរួមជាមួយមន្ត្រីឧទ្យានុរក្សអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិនានា។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់សាជាថ្មីពីការតាំងចិត្តរបស់ក្រសួងបរិស្ថាន ចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជានៅត្រឹមឆ្នាំ២០២៥ និងលុបបំបាត់ឱ្យអស់នូវជំងឺឆ្លងផ្សេងទៀត ឱ្យអស់ពីតំបន់ការពារធម្មជាតិ ដោយសហការជាមួយក្រសួងសុខាភិបាលចែកមុងជ្រលក់ ថ្នាំការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំការពារផ្សេងៗទៀត ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយពីការការពារខ្លួនពីជំងឺ ក៏ដូចជាការសម្អាតអនាម័យបរិស្ថានជាដើម ដើម្បីផាសុកភាពសម្រាប់ការរស់នៅ៕