(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ គ្រប់ស្ថាប័នរដ្ឋ និងឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា កំពុងតែរួមដៃគ្នាយ៉ាងស្អិតរមូត ដើម្បីការពារ ទប់ស្កាត់ការឆ្លងរីករាល នៃជំងឺ COVID-19។ ក្នុងនោះវិស័យសាសនា ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការផ្សព្វផ្សាយខ្លឹមសារអប់រំណែនាំ សាសនិករបស់ខ្លួន ដើម្បីអនុវត្តតាមអ្វីដែលជាការណែនាំរបស់រាជរដ្ឋាភិបាល។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំជំងឺ COVID-19 របស់សហគមន៍គ្រឹស្ដសាសនា» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លោក ហេង ចេង ព្រឹទ្ធបូជាចារ្យជាន់ខ្ពស់ នៃគ្រិស្តបរិស័ទ បានអះអាងថាគ្រិស្ដសាសនិក នៅក្នុងប្រទេសកម្ពុជា បានចូលរួមអនុវត្តវិធានការ និងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក ហេង ចេង បានលើកឡើងថា ក្រោយក្រសួងធម្មការ និងសាសនា កោះប្រជុំជាមួយតំណាងសាសនានីមួយៗ គ្រឹស្ដបរិស័ទដំណឹងល្អ បានរៀបចំតាមអ្វីដែលក្រសួងបានកំណត់ និងណែនាំ ដើម្បីផ្សព្វផ្សាយ អប់រំបន្ដនៅតាមគ្រប់ព្រះវិហារនីមួយៗ ជាពិសេសគ្រូគង្វែល បូជាចារ្យទាំងអស់ ពិសេសការណែនាំរបស់ក្រសួងសុខាភិបាល។
ព្រឹទ្ធបូជាចារ្យជាន់ខ្ពស់ នៃគ្រិស្តបរិស័ទ ក៏បានឲ្យដឹងទៀតថា ក្នុងខែមេសានេះ គ្រិស្ដបរិស័ទតែងតែរំលឹកនូវបុណ្យចំនួន២ ប៉ុន្ដែពិធីបុណ្យនេះមិនត្រូវបានធ្វើឡើង ដោយការជួបជុំគ្នាទ្រង់ទ្រាយធំ និងការថ្វាយបង្គំនោះទេ គឺដើម្បីគោរពទៅតាមវិធានការណ៍ទប់ស្កាត់របស់រាជរដ្ឋាភិបាល ការពារជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ លោកថា ពួកគាត់បានបង្វែរមកថ្វាយបង្គំនៅតាមផ្ទះរៀងៗខ្លួនវិញ។
លោកបានអះអាងទៀតថា ថ្នាក់ដឹកនាំគ្រឹស្ដបរិស័ទ បានបោះពុម្ពនូវ Poster និងផលិតវីដេអូជាច្រើនដើម្បីចែកចាយ និងផ្សព្វផ្សាយទៅតាមព្រះវិហារ អំពីអ្វីដែលជាការណែនាំ និងវិធានការអនាម័យប្រចាំថ្ងៃ។ ក្នុងនោះ ក៏មានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម និងវិទ្យុរបស់គ្រឹស្ដបរិស័ទផងដែរ។
ព្រឹទ្ធបូជាចារ្យជាន់ខ្ពស់ ហេង ចេង បានថ្លែងយ៉ាងដូច្នេះថា «គ្រិស្ដបរិស័ទយើងស្ដាប់នូវអ្វីដែលជាវិធានការរបស់ក្រសួងសុខាភិបាល ហើយយើងស្ដាប់វិធានការ របស់ក្រសួងធម្មការ និងសាសនា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ យើងផ្អាកការថ្វាយបង្គំច្រើន ហើយជាពិសេសចាប់ផ្ដើមឲ្យក្រុមជំនុំនីមួយៗ យកចិត្តទុកដាក់អំពីការអប់រំដល់សហគមន៍ជុំវិញខ្លួន និងចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយប្រជាជនដែលងាយរងគ្រោះ ពិសេសអ្នករកប្រាក់ចំណូលមិនបានច្រើន»។
ជាមួយគ្នានេះ លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកសាសនាគ្រិស្ត បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានគ្រិស្ដបរិស័ទចំនួន ១១៤,៤០២នាក់ (តួលេខគិតត្រឹមឆ្នាំ២០១៨ ដែលបានចុះបញ្ជីនៅក្រសួងធម្មការ និងសាសនា), ព្រះសហគមន៍កាតូលិក មានព្រះវិហារចំនួន៦៧កន្លែង, ស្នាក់ការថ្វាយបង្គំ ចំនួន៥០កន្លែង, សាលារៀន ចំនួន៥៩កន្លែង។ ដោយឡែក គ្រិស្ដបរិស័ទដំណឹងល្អ មានវិហារចំនួន ៨២កន្លែង, ស្នាក់ការថ្វាយបង្គំ ១,១៣២កន្លែង និងសាលារៀន ៦៦៩កន្លែង។ បន្ថែមពីនេះ លោក សៀ សុភ័ក្ដ្រ បានអះអាងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ទាំង១២២នាក់នោះ មិនមានគ្រឹស្ដបរិស័ទនោះទេ។
សូមជម្រាបថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់៕
លោក ហេង ចេង ព្រឹទ្ធបូជាចារ្យជាន់ខ្ពស់ នៃគ្រឹស្តបរិស័ទ
លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ ទទួលបន្ទុកសាសនាគ្រឹស្ត