(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌ គោលនយោបាយរដ្ឋាភិបាលឌីជីថល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ពាក់ព័ន្ធក្រោមឱវាទក្រសួង។
លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមការងារពន្លឿន ការពិភាក្សារៀបចំឯកសារទស្សនទាន (Concept Paper) នៃការរៀបចំក្របខ័ណ្ឌគោលនយោបាយ រដ្ឋាភិបាលឌីជីថល ដោយបន្សីគ្នាជាមួយក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចឌីជីថល ដែលបានរៀបចំដោយក្រុមការងារ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
លោកបានចាត់ឱ្យក្រុមការងារ ស្វែងយល់ពីនិន្នាការនៃរដ្ឋាភិបាលឌីជីថល របស់ប្រទេសនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងស្វែងរកធាតុចូលបន្ថែម ពីអ្នកជំនាញការចំណានៗ ពាក់ព័ន្ធការរៀបចំការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល។
លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមការងារ ប្រមូលទិន្នន័យពីគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដែលមានតំណាងនៅក្នុងគណៈកម្មការរដ្ឋាភិបាលឌីជីថល ដើម្បីរៀបចំគោលនយោបាយនេះ ឱ្យមានលក្ខណៈមុតស្រួច និងឆ្លើយតបតាមតម្រូវការពិតប្រាកដ នៃការអភិវឌ្ឍប្រទេស។
លោករដ្ឋមន្ត្រីបានជំរុញក្រុមការងារ ឱ្យបង្កើនល្បឿននៃការរៀបចំគោលនយោបាយនេះ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចនាពេលខាងមុខ៕