(សៀមរាប)៖ ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ជាទូទៅថាជាប្រាសាទដែលសម្បូរដើមឈើធំៗដុះក្នុងបរិវេណប្រាសាទ ដ្បិតថាដើមឈើទាំងនោះជាទីទាក់ទាញដល់ភ្ញៀវទេសចរ តែវាក៏ជាប្រភពនៃហានិភ័យដល់ប្រាសាទផងដែរ ព្រោះដើមឈើទាំងនោះអាចដួលរលំដោយសារកត្ដាធម្មជាតិផ្សេងៗ ក្នុងនោះមានដូចជាខ្យល់ជាដើម។
នៅពេលដែលដើមឈើទាំងនោះដួលលើប្រាសាទ ការងារយកដើមឈើចេញជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមការងារព្រៃឈើ ព្រោះប្រសិនបើការងារដកហូតដើមឈើចេញមិនបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសនោះទេ វាអាចធ្វើឲ្យរបេះថ្មធ្លាក់មកយ៉ាងងាយ។ ដូច្នេះចាំបាច់ត្រូវមានបច្ចេកទេសខ្ពស់ ក្នុងការដកហូតដើមឈើទាំងនោះចេញ។
លោក មាឃ បូរ៉ា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ជម្រាបអំពីបច្ចេកទេសទាំងនេះថា ការកាត់ដើមឈើធំៗដែលដួលគងលើប្រាសាទចាំបាច់ត្រូវរៀបចំរន្ទាឱ្យរឹងមាំនៅផ្នែកខាងក្រោម ហើយត្រូវកាត់ដើមឈើនោះជាចម្រៀកតូចៗបណ្ដោយសាច់ ដើម្បីសម្រាលទម្ងន់ និងងាយស្រួលលើកយកចេញ។ ការធ្វើបែបនេះ គឺអាចរក្សាសុវត្ថិភាពទាំងក្រុមការងារផង និងបញ្ជៀសការប៉ះពាល់ដល់ប្រាសាទផង៕