(ពោធិ៍សាត់)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ សំណុំរឿងក៏ដូចជាបញ្ហាប្រឈមជាង ៣០ករណី របស់ប្រជាពលរដ្ឋត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាសមាជិកគ្រួសារបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត បានសម្របសម្រួលដោះស្រាយដោយជោគជ័យ ស្របតាមគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចសម្រួបសម្រួលដោះស្រាយរឿងក្តី និងបញ្ហាប្រឈមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ទៅតាមទម្លាប់ នៅរៀងរាល់២ថ្ងៃម្តងក្នុងមួយសប្តាហ៍ ដោយបានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ និងភាគីពាន់ព័ន្ធជាច្រើន ផ្សេងទៀត។
ក្នុងរយៈពេលជាង៦ឆ្នាំ ក្រៅពីបង្កើតយន្តការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជា អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន និងបានរួមចំណែកលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាមួយយន្តការ «អ្នកមានត្រូវចែករំលែកឱ្យអ្នកក្រខ្សត់ ហើយអ្នកក្រខ្សត់ ត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីឱ្យជីវភាពគាប់ប្រសើរ»។
សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំគ្រប់គ្រងខេត្តពោធិ៍សាត់នេះ បានធ្វើឱ្យលោក ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពី ប្រជាពលរដ្ឋ ក្នុងខេត្តជាខ្លាំង៕
ខាងក្រោមនេះជាសកម្មភាពដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋរបស់លោក ម៉ៅ ធនិន និងការលើកឡើងរបស់ប្រជាពលរដ្ឋដែលទទួលបានដំណោះស្រាយដ៏សមស្រប៖