(ត្បូងឃ្មុំ)៖ លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុកក្រូចឆ្មារ ចុះធ្វើការពិនិត្យតំបន់ព្រៃលិចទឹក និងទីតាំងដាំកូនសណ្តាន់ជាង១ម៉ឺនដើម លើផ្ទៃដីទំហំប្រមាណ១០០ហិកតា ក្នុងចំណុចភូមិសាស្ត្រ ភូមិទួលកណ្តោល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីស្តារ និងអភិរក្សតំបន់ដីសើម ឲ្យបានប្រសើរឡើងវិញ ដើម្បីជាប្រភពសម្រាប់បង្កើតជម្រកមច្ឆាជាតិ និងជីវចម្រុះ។
ព្រមទាំងបន្តចុះត្រួតពិនិត្យដំណើរការសាងសង់វត្តឥន្ទរិទ្ធី (ហៅវត្តបារាយ) និងការដ្ឋានសាងសង់ទំនប់បង្ហៀរទឹក ព្រែកតាកុច, ទ្វារទឹកទី៣, ប្រឡាយស្តុកទឹកព្រែកជីក និងបឹងកណ្តេរ ដែលជាប្រភពទឹកផង និងផ្តល់ត្រីផងដែរ ពិសេសសម្រាប់ប្រជាកសិករច្រើនជាង៤០០០គ្រួសារ ប្រើប្រាស់ទឹកក្នុងការធ្វើស្រែចំការ ដោយមានវិសាលភាព ស្រោចស្រពស្រែច្រើនជាង១ម៉ឺនហិចតា នៅជុំវិញតំបន់នោះ ដែលទីតាំងទាំងនេះស្ថិតនៅក្នុងឃុំជំនីក ឃុំឈូក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងសកម្មភាពចុះដាំកូនសណ្ដាន់ និងសកម្មភាពបន្តបន្ទាប់ខាងលើនេះ ធ្វើឡើងពេញមួយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ លោក ម៉ឹង សុខលាត តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់, លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
លោក ពាង ណារិទ្ធ បានលើកឡើងថា ថ្វីត្បិតតែដំណាក់កាលនេះ ប្រទេសយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩មែន តែការងារអភិវឌ្ឍន៍ នៅតែធ្វើបន្តឥតឈប់ឈរ ជាក់ស្តែងនៅថ្ងៃនេះរដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ មានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត រួមទាំងរដ្ឋបាលស្រុកក្រូចឆ្មារ បានចុះដាំកូនសណ្តាន់ចំនួនប្រមាណ១ម៉ឺនកូន ក្នុងតំបន់នេះ ឲ្យបានប្រសើរ ឡើងវិញ ហើយយើងទាំងអស់គ្នាត្រូវតែការពារឲ្យបានគង់វង្ស ទប់ស្កាត់ស្កាត់កុំឲ្យមានជនខិលខូចទៅកាប់បំផ្លាញ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឲ្យបានដាច់ខាត បើមានរដ្ឋបាលខេត្តនឹងចាត់ការទៅច្បាប់ជាធរមាន ។
ជាមួយគ្នានោះ លោកអភិបាលរងខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃលិចទឹក ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃ លិចទឹក ដើម្បីហ៊ុមព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ដែលបង្កឱ្យមានប៉ះពាល់កន្លែងជម្រកត្រីពងកូន ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា។
បើតាមលោក សយ ទូច បានឱ្យដឹងថា ការដាំកូនសណ្ដាន់នេះលើផ្ទៃតំបន់ព្រៃលិចទឹកទាំងមូល គឺក្រោមការចង្អុលបង្ហាញរបស់លោក ជា សុផារ៉ា ក្នុងចក្ខុវិស័យបំរើ ផលប្រយោជន៍ សំរាប់ត្រីពងកូននៅរដូវវស្សា ជាងនេះទៀតយើងអាចបេះស្លឹកត្រួយ ឬផ្លែសណ្ដាន់នេះ ទៅធ្វើជាម្ជូរសំរាប់ស្លរបានទៀតផង និងក្នុងទិសដៅអភិរក្ស ព្រៃរនាមមិនឱ្យបាត់បង់ថែមទៀតផងដែរ។
លោកអភិបាលស្រុកក្រូចឆ្មារ បញ្ជាក់បន្ថែមថា តាមចក្ខុវិស័យនឹងអភិវឌ្ឍន៍ប្រែក្លាយពីតំបន់ព្រៃរនាម ជំរកត្រីពងកូន ដីសើមមួយនេះឱ្យក្លាយទៅជាកន្លែង អភិរក្សបរិស្ថាន វិទ្យាសាស្ត្រអេកូទេសចរណ៍ និងជាទីពិសោធន៍ជីវ:ចំរុះរបស់ខេត្តត្បូងឃ្មុំ សំរាប់កូនខ្មែរជំនាន់ក្រោយៗទៀតសិក្សាស្រាវជ្រាវធ្វើកម្មសិក្សាផងដែរ៕