(ភ្នំពេញ)៖ ស្របនឹងអាស៊ាន ទើបនឹងធ្វើសមាហរណកម្មនាថ្មីៗនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ទស្សនៈវិស័យដែលនាំទៅដល់ សហគមអាស៊ាន ពេលនេះ បានក្លាយជាការពិតហើយ។
លោក ហោ ណាំហុង បានថ្លែងបែបនេះ នៅក្នុងពិធីជប់លៀង អបអរសាទរបុណ្យចូលឆ្នាំសកល២០១៦ និងការបង្កើតសហគមន៍អាស៊ាន នៅសណ្ឋាគារអាំងទែរ កុងទីណង់តាល់ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។ លោក ហោ ណាំហុង បានលើកឡើង នៅក្នុងសុន្ទរកថាមួយថា អាស៊ានបង្កើតឡើង នៅថ្ងៃទី៨ សីហា ១៩៦៧ ហើយបានប្រកាសបង្កើតសមាគម សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ ក្នុងរង្វង់បណ្តាប្រទេសអាស៊ី-អាគ្នេយ៍ ដែលមានឈ្មោះថា «សមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ឬអាស៊ាន» ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌ ក្នុងតំបន់ តាមរយៈការខិតខំ ប្រឹងប្រែងរួម ដើម្បីពង្រឹងមូលដ្ឋាន គ្រឹះសម្រាប់សហគមន៍ ប្រជាជាតិអាស៊ី-អាគ្នេយ៍ ប្រកបដោយ វិបុលភាព និងសន្តិភាពមួយ។ បច្ចុប្បន្នទស្សនៈវិស័យ ដែលនាំទៅដល់សហគមន៍អាស៊ាននេះ បានក្លាយជាការពិតហើយ។
លោកបានបន្ថែមថា ការបង្កើតសហគមន៍អាស៊ានគឺជាចំណុចខ្ពស់បំផុត នៃកិច្ចខិតខំប្រឹងប្រែងរួម អស់រយៈពេលជិត៥ទសវត្ស ដែលជាមាគ៌ាដ៏វែងមួយ ដើម្បីសម្រេចបាននូវសហគមន៍ បច្ចុប្បន្ននេះ។
អាស៊ានដែលមានប្រជាជនចំនួន៦២២លាននាក់ កំពុងព្យាយាមកសាងចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ មានបំណងប្រាថ្នាបង្កើតឡើង នូវសហគមន៍មួយ ដែលប្រជាជនយើងបន្តចូលរួម និងទទួលបានផលពេញលេញ។ សហគមន៍អាស៊ាន ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាអង្គការតំបន់ដ៏រឹងមាំ និងជោគជ័យបំផុតមួយ និងដែលមានប្រទេសជាសមាជិក ចំនួន១០ ចងភ្ជាប់គ្នាដោយសន្តិភាព សន្តិសុខ ស្ថេរភាព និងវិបុលភាព នៅអាស៊ីអាគ្នេយ៍ នឹងក្លាយជាអង្គការ ដែលផ្អែកលើគោលការណ៍ និងមានទស្សនវិស័យសម្លឹងទៅ ពិភពខាងក្រៅ។
សហគមន៍អាស៊ាន នឹងលែងជាសមាគមធូរលុង នៃប្រទេស១០ សំរាប់ឲ្យមន្ត្រីធ្វើការពិភាក្សា ចេញសេចក្តីប្រកាស សេចក្តីថ្លែងការណ៍ផ្សេងៗ តែជាសហគមន៍មួយ ប្រកបដោយសេចក្តីសង្ឃឹម និងមោទនភាព។ សំរាប់ដៃគូសន្ទនារបស់ខ្លួន សហគមន៍អាស៊ាន នឹងផ្តល់ឱកាសសហប្រតិបត្តិការផ្សេងៗ ទៀតដូចជាទីផ្សារធំជាងមុន បើកទូលាយជាងមុន និងផ្អែកលើគោលការណ៍ និងតំបន់ដែលមានភាពតភ្ជាប់កាន់តែល្អមួយ ដោយសារការរីកចំរើន នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងគ្នា។
ក្នុងប្រវត្តិសាស្រ្តរយៈពេលជិត៥០ឆ្នាំរបស់ខ្លួន អាស៊ានបានឆ្លងកាត់របត់ នៃការផ្លាស់ប្តូរថ្មីជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ តាមរយៈការឆ្លងកាត់បញ្ហាប្រឈមផ្សេងៗ ប្រកបដោយឯកភាព សាមគ្គីភាព ភាពស្អិតរមួត និងសមត្ថភាពឆ្លើយតប ទាន់ពេលវេលា និងមានប្រសិទ្ធិភាព អាស៊ានកាន់តែខ្លាំងជាងមុន និងកាន់តែរឹងមាំជាងមុន ដោយសម្រេចបាននូវសមិទ្ធផល ជោគជ័យយ៉ាងច្រើន ដែលនាំទៅដល់សហគមន៍អាស៊ាន ដូចសព្វថ្ងៃនេះ៕