(ភ្នំពេញ)៖ សន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៦ បានសម្រេចផ្លែផ្កាជាច្រើនសុទ្ធសឹងឆ្លើយតបចំបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋ។ លទ្ធផលនៃសន្និបាតរយៈពេល២ថ្ងៃនេះ បានសម្រេចលទ្ធផល និងដាក់ចេញយុទ្ធសាស្រ្តសំខាន់ៗ ៧ចំណុចបន្ថែមទៀត ជាការជំរុញដាស់តឿន និងក្រើនរំលឹកដល់មន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ដែលសុទ្ធសឹងជាអ្នកកាន់តួនាទីតាមក្រសួង ស្ថាប័នរដ្ឋ ឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ក្នុងលទ្ធផលទាំង៧ចំណុចនេះ ត្រង់ចំណុចទី៤ សន្និបាតបានណែនាំដល់គណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ និង មន្រ្តីគណបក្សគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវបន្តចូលរួមអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយ ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយប្រកប ដោយប្រសិទ្ធភាព មានលក្ខណៈពេញលេញ ស្មោះត្រង់ និងការតាំងចិត្តខ្ពស់តាមអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យា បាល» ដែលជាការងារ ដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ និង គណបក្សប្រជាជនកម្ពុជា។
យោងតាមមន្រ្តីគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតរយៈពេលពីរថ្ងៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីថ្នាក់ក្រោមរបស់គណបក្ស នៅតាមក្រសួងស្ថាប័នជាង ៩០០នាក់នោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់មន្រ្តី គណបក្សប្រជាជនកម្ពុជា ដែលកាន់តំណែង និង តួនាទីខ្ពស់ៗ នៅតាមក្រសួង ស្ថាប័នឲ្យទម្លាក់ចោលនូវទម្លាប់អាក្រក់ទាំងឡាយ ដោយសម្តេចបានអះអាងថា ទម្លាប់អាក្រក់ទាំងនេះ អាចផ្លាស់ប្តូរ និងកែប្រែបាន តែមន្រ្តីអាក្រក់ប្រឹងបៀមផ្លែសន្ទូចមិនលែងនោះឡើយ។
ក្នុងសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានផងដែរ ទៅរដ្ឋមន្រ្តីក្រសួងចំនួនពីរ ដែលនៅបន្តផ្តល់អភ័យឯកសិទ្ធ ឲ្យប្រពន្ធកូនខ្លួនលូកដៃចូលក្នុងកិច្ចការរបស់ក្រសួង។
ការព្រមាន និង ដាស់តឿនមន្រ្តីឲ្យប្រឹងប្រែងធ្វើកំណែទម្រង់គោរពតាមអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និង ព្យាបាល» គេចាំបានថា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តីកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ នៅថ្ងៃបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ធ្លាប់បានក្រើនរំលឹករួចម្តងមកហើយ។
ការព្រមានរបស់សម្តេចនាយករដ្ឋមន្រ្តី មិនមែនកើតឡើងដោយចៃដន្យឡើយ ការព្រមានបានកើតឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ បើទោះបីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ខំប្រឹងប្រែងសម្រេចសមិទ្ធផលជាច្រើន សម្រាប់ប្រជាជន និងជាតិក្តី តែលទ្ធផលឆ្នោតបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាច និង ដឹកនាំរាជរដ្ឋាភិបាលបានបាត់កៅអីរដ្ឋសភារហូតដល់ទៅ ២២កៅអី បើធៀបការបោះឆ្នោតអាណត្តិទី៤។ ការបាត់បង់២២កៅអី គឺជាការបាត់បង់មួយ ដែលនាំឲ្យមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ឡើយ។
ការស្រកស្រុតអាសនៈសភា ត្រូវបានគេមើលឃើញថា ក្រៅពីប្រជាពលរដ្ឋ ដែលមានភាពថ្នាំងថ្នាក់ជាមួយមន្រ្តីឃុំ-សង្កាត់ ព្រោះតែការធ្វើលិខិតស្នាមផ្សេងៗ បូករួមទាំងវិវាទដីធ្លីផងនោះ ក៏នៅមានការថ្នាំងថ្នាក់រវាងមន្រ្តីថ្នាក់ក្រោម និង មន្រ្តីថ្នាក់លើតាមក្រ សួង ស្ថាប័នរដ្ឋមួយចំនួនផងដែរ។ មន្រ្តីថ្នាក់ក្រោមភាគច្រើន តាមក្រសួង ស្ថាប័ន បាននាំគ្នារអ៊ូរទាំពីទង្វើមិនអាចទទួលយកបាន និងគួរឲ្យធុញទ្រាន់របស់រដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនៅតាមស្ថាប័ន អង្គភាពរបស់ពួកគេ ដែលដឹកនាំការងារតាមរបៀបប្រមូលផ្តុំ បក្ខពួកនិយម និង ពុករលួយយ៉ាងខ្លាំងក្លា។
ក្រុមមន្រ្តីថ្នាក់ក្រោម ដែលរងអំពើជិះជាន់ សង្កត់សង្កិតទទួលបានតែការស្តីបន្ទោស មិនធ្លាប់បានទទួលការលើកទឹកចិត្តពីថ្នាក់លើ របស់ខ្លួន បើទោះពួកគេស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និង គណបក្សប្រជាជនក្តី ក៏បានបង្ខំចិត្តជ្រើសផ្លូវមិនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ព្រោះពួកគេចង់ឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងក្រសួង ស្ថាប័នរបស់ពួកគេ។
ក្រោយពីការព្រមានធ្ងន់ៗ ពីនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ គេសង្កេតឃើញថ្នាក់ដឹកនាំ នៅតាមក្រ សួង មន្ទីរ ស្ថាប័ន ថ្នាក់ដឹកនាំខេត្ត និងអង្គភាពកងកម្លាំងប្រដាប់អាវុធជាច្រើន បាននាំគ្នាភ្ញាក់រលឹកកែទម្លាប់ការងាររបស់ខ្លួន។ តែ ក៏គេសង្កេតឃើញថា ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន និង អង្គភាពមួយចំនួន ក៏មិនបានកែទម្លាប់អាក្រក់របស់ខ្លួននេះដែរ។
មន្រ្តីទាំងស៊ីវិល និង ប្រដាប់អាវុធ ដែលមានឋានៈតូចតាចធ្លាប់បានរអ៊ូរទាំប្រាប់ Fresh News ថា ក្នុងក្រសួង ស្ថាប័នរបស់ពួកគេ ដូចជាមិនមានភ័ព្វសំណាងបានថ្នាក់ដឹកនាំល្អឡើយ បើទោះបីនាយករដ្ឋមន្រ្តីព្រមានក៏ដោយនោះ។ ក្រុមមន្រ្តីតូចតាច បានអះ អាងថា រដ្ឋមន្រ្តី ដែលទើបប្តូរចូលថ្មីនៅក្នុងអាណត្តិទី៥ នៅតែបន្តធ្វើការកៀបសង្កត់ ដកអ្នកចាស់ ដាក់អ្នកថ្មី ដែលហែរហមខ្លួនមកពីក្រសួងចាស់ជាបន្តបន្ទាប់។ ជាពិសេសនៅពេលមានសំណើសម្រេចផ្តល់ ថវិកាពីរដ្ឋមន្រ្តី ដោះស្រាយបញ្ហាអ្វីមួយ ត្រូវបានមន្រ្តីហែរហមអមខុទ្ទកាល័យរដ្ឋមន្រ្តីផ្អាប់ទុកចោល ឬឆ្លើយយ៉ាងខ្លីមកវិញថា អត់មានលុយ។ ជាពិសេសរាល់ការងារ ដែលគេនិយាយសាម័ញ្ញថា «ការងារខ្លាញ់» គេតែងដាក់ បក្ខពួករបស់ពួកគេ។
តាមក្រសួងស្ថាប័នខ្លះទៀត នៅពេលមន្រ្តីថ្នាក់តូចតាច សម្រេចការងារអ្វីមួយមិនដែលទទួលបានការលើកទឹកចិត្តណាមួយពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នរបស់ខ្លួននោះឡើយ សូម្បីតែយកព័ត៌មានទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ក៏មិនត្រូវបានគេអនុញ្ញាតនោះដែរ ដោយគេថា ជាការយកមុខ យកបុងជាដើម។ តែបើការងារមានកំហុសឆ្គងវិញ នឹងទទួលបានការស្តីបន្ទោសយ៉ាងចាស់ដៃ។
នៅតាមក្រសួង ស្ថាប័នខ្លះទៀត បាននិយាយថា រដ្ឋមន្រ្តី និងអ្នកគ្រប់គ្រង់តាមអគ្គនាយកដ្ឋាន នាយកដ្ឋាន គឺជាសាច់ញាតិនឹងគ្នា ពេលខ្លះជាឪពុក និងកូនថែមទៀតផង។ មន្រ្តីថ្នាក់លើ និងថ្នាក់ក្រោម ជាសាច់សារលោហិត ធ្វើការក្រោមដំបូលក្រសួង ស្ថាប័នតែមួយ វាមិនខុសឆ្គងនោះទេ ឲ្យតែមានសមត្ថភាពកាន់តួនាទីប្រកបដោយតម្លាភាព ជាពិសេសគោរពទៅតាមតួនារីភារកិច្ច និងឋានុក្រម ដោយមិនមានការបន្លំកិបកេងយកលុយជាតិជាលាភសក្ការៈផ្ទាល់ខ្លួន។
តែផ្ទុយទៅវិញ នៅតាមក្រសួងមួយចំនួន ដែលមានសាច់សាលោហិត ញាតិនុព័ន្ធគ្នាច្រើននេះ តែងមានការឃុបឃិតគ្នាធ្វើការងារមួយចំនួនមិនមានតម្លាភាព។ បើតាមការបញ្ជាក់ពីមន្រ្តី បានឲ្យដឹងថា ពេលខ្លះមន្រ្តីថ្នាក់ក្រោមជាកូនអ្នកធ្វើសំណើសុំលុយ រីឯឪ ពុកជារដ្ឋមន្រ្តី ជាអ្នកសម្រេច ដោយមិនបានពិនិត្យឲ្យបានល្អិតល្អន់ទៅលើសំណើនោះឡើយ។
ការប្រកាសជំរុញមន្រ្តីឲ្យកែទម្លាប់អាក្រក់ជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតបក្សរយៈពេលពីរថ្ងៃកន្លងទៅនេះ បាននាំឲ្យមន្រ្តីថ្នាក់ក្រោម ក៏ដូចប្រជាពលរដ្ឋផងដែរ សម្តែងការសប្បាយរីករាយ ហើយរំពឹងថា ការជំរុញជាថ្មីរបស់នាយករដ្ឋមន្ត្រី មិនត្រូវបានមន្រ្តីថ្នាក់គ្រាក់ បំភ្លេចចោលទៀតនោះឡើយ។
បញ្ចេញយោបល់តាមទំព័រ Facebook របស់ Fresh News មិត្តអ្នកអានមានឈ្មោះ «បណ្ឌិត ចន្ទាកា» បានថ្លែងថា «តាមក្រសួងស្ថាប័នដាក់តែបក្ខពួកខ្លួន ទោះគ្មានជំនាញ ក៏ដោយ អ្នកមានជំនាញពិតប្រាកដត្រូវធីបចោល ដោយមិនគិតប្រសិទ្ធភាពការងារចូលចិត្តលាបពណ៌គ្នា គេល្អសោះលាបទាល់តែអាក្រក់។ ចូលចិត្តប្រើយុទ្ធសាស្រ្តទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ពេលមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំអង្គភាពម្តងៗ អ្នកថ្មីចូលមកតែងធ្វើបាបអ្នកចាស់ៗ ចូលចិត្តគំរាមដកតួរនាទី ដើម្បីសំឡុតគំរាមឲ្យគេខ្លាចខ្លួន។ ចំណុចអវិជ្ជមានខាងលើល្មមដល់ពេលកែហើយ ប្រមុខរាជរដ្ឋាភិបាលខិតខំប្រឹងខ្លាំងណាស់ សូមកុំឲ្យខូចដោយសារអំពើបក្ខពួកនិយម គ្រួសារនិយម របស់ខ្លួនខ្លាំងពេក ល្មមឆ្អែតហើយ»។
មិត្តអ្នកអានម្នាក់ទៀតឈ្មោះ «Rin Sothy» បានថ្លែងថា «កន្លងមកអ្នកនិយាយពិត និង និយាយត្រងមិនហ៊ានមានយោបលទេ ព្រោះក្លាចគេស្អប់ គេគុំ គេធ្វើបាបថ្ងៃក្រោហ ពីព្រោះបុណ្យសក្តិពិបាកទទួលបានណាស់»។
ក្រៅពីមិត្តអ្នកអានទាំងពីរ ដែលបានដកស្រង់សម្តីខាងលើ គេនៅសង្កេតឃើញមានមិត្តអ្នកអាន Fresh News ជាច្រើនទៀតអាច ជាមន្រ្តីតាមក្រសួងស្ថាប័ននានានោះ ក៏បានចូលមកបង្ហាញនូវការសាទរលើការដាស់តឿនរបស់សម្តេច និងបង្ហាញពីទុក្ខលំបាក របស់ពួកគេផងដែរ។
ដូច្នេះអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល» ត្រូវតែអនុវត្តឲ្យតឹងរឹង និងម៉ឹងមាត់បំផុត ត្បិតវា ជាឱសថព្យាបាល ដ៏ស័ក្តិសិទ្ធក្នុងការស្តារឡើងវិញប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល និងជំហានទៅដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨៕