(ព្យុងយ៉ាង)៖ មេដឹកនាំវ័យក្មេងរបស់ កូរ៉េខាងជើង លោក គីម ជុនអ៊ុន បានបញ្ជាទៅកាន់ក្រុម អ្នកវិទ្យាសាស្រ្ត និងបច្ចេកទេសឲ្យផលិត អាវុធថ្មី ដែលមានឥទ្ធិពលខ្លាំងជាង អាវុធនុយក្លេអ៊ែរ បន្ទាប់ពីប្រទេស ឯកោមួយនេះ បានជោគជ័យក្នុងការសាកល្បងបំផ្ទុះគ្រាប់បែក អ៊ីដ្រូសែន នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន The Guardian នៅថ្ងៃទី១១ ខែមករា។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង បានចុះផ្សាយថា នៅថ្ងៃចន្ទនេះ លោក គីម ជុនអ៊ុន បានទៅមជ្ឈមណ្ឌលផលិត អាវុធនុយក្លេអ៊ែរ ដែលជាកេរតំណែងតាំងពីជំនាន់ជីតារបស់លោក ដោយក្នុងនោះសារព័ត៌មានខាងលើបានចុះផ្សាយថា លោក គីម ជុនអ៊ុន បានប្រាប់ ទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រជំនាញឲ្យផលិតអាវុធថ្មី ដែលមានអនុភាព និងឥទ្ធិពលខ្លាំងជាងអាវុធនុយក្លេអ៊ែរ។
នៅមុននេះ លោក គីម ជុនអ៊ុន បានប្រកាសទៅកាន់មន្ត្រីយោធា និងពលរដ្ឋខ្លួនថា «ការធ្វើតេស្ដគ្រាប់បែកអ៊ីដ្រូសែន គឺជាជំហានមួយ សម្រាប់ការពារខ្លួនឯង និងដើម្បីរក្សាការពារសន្ដិភាពនៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសគឺសន្ដិភាពនៅក្នុងតំបន់ពីគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដែលបង្កឡើងដោយចក្រពត្តិ ដែលមានអាមេរិកជាមេដឹកនាំ ហើយវាជាសិទ្ធិស្របច្បាប់របស់រដ្ឋមានអធិបតេយ្យភាព និង ជាសកម្មភាពត្រឹមត្រូវដែលគ្មាននរណាម្នាក់អាចរិះគន់បាន»៕