Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហាក់ សុខមករា ដឹកនាំក្រុមការងារ ចុះជួយបូមទឹកសង្គ្រោះដំណាំ របស់ប្រជាពលរដ្ឋ ជាង៣ពាន់ហិកតា នៅឃុំរការខ្នុរ

11-01-2016 16:01

(ត្បូងឃ្មុំ)៖ ប្រធានក្រុមការងារយុវជន គណបក្សប្រជាជន ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ គណៈពង្រឹងឃុំរការខ្នុរ ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តី និងអាជ្ញាធរមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ បូមទឹកសង្គ្រោះដំណាំផ្សេងៗ រួមមានពោត និងថ្នាំជក់ របស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ចំនួន៥ភូមិ របស់ឃុំរការខ្នុរ ប្រមាណ៣ពាន់ហិកតា ក្រោយពេលដែលពួកគាត់ បានជួបបញ្ហាគ្រោះរាំងស្ងួត សម្រាប់ស្រោចស្រព ដំណាំទាំងនេះ។

លោក ហាក់ សុខមករា បានថ្លែងថា ក្រោមការណែនាំពីសំណាក់លោក ជា សុផារ៉ា ប្រធានក្រុមការងារ​ ចុះជួយស្រុកក្រូចឆ្មារ លោកបានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះទៅកាន់ឃុំរការខ្នុរ ដើម្បីពិនិត្យការដាំដុះដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋនៅទីនោះ ក្រោយពីជួបគ្រោះរាំងស្ងួត និងត្រូវការទឹកជាចាំបាច់។

នៅក្នុងឱកាសនោះ លោក ហាក់ សុខមករា ដែលជាអភិបាលរង ខេត្តត្បូងឃ្មុំផងនោះ បានដាក់ផែនការឲ្យក្រុមការងារ ប្រើម៉ាស៊ីបូមទឹកចំនួន៤គ្រឿង (២គ្រឿងរបស់ ក្រសួងធនធានទឹក និង២គ្រឿងទៀតរបស់លោក ជា សុផារ៉ា) ធ្វើការបូមទឹកចេញពីព្រែកតាកុច ចូលតាមប្រឡាយមេ ចូលបឹងធំចំងាយប្រមាណ៥គីឡូម៉ែត្រ ដើម្បីប្រជាពលរដ្ឋចំនួន៥ភូមិ គឺពីភូមិទី១ ដល់ភូមិទី៥ អាចបូមទឹកចេញពីបឹងធំយកទៅស្រោចស្រព ដំណាំរបស់ពួកគាត់ បានទាន់ពេលវេលា។

បើតាម លោក ហាក់ សុខមករា តាមពិតក្រុមការងាររបស់លោក បានធ្វើកិច្ចការងារនេះ ជាច្រើនថ្ងៃមកហើយ ដោយធ្វើការបូមទឹក ជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលបូមបានទឹក ហើយស្រាប់តែអ្នកនៅខាងលើលួចបូម បង្អត់អ្នកខាងក្រោម ដូច្នេះនៅថ្ងៃទី១១ ខែមករា នេះលោកក៏បានដាក់ផែនការ ឲ្យក្រុមការងារ ប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ កុំឲ្យបូមសិន ដោយរង់ចាំទឹកពេញប្រឡាញ រួចសុំនាំគ្នាបូមយកទៅប្រើប្រាស់រៀងៗខ្លួន ទៅចុះ។

សម្រាប់ការជួយអន្តរាគមន៍ ទាន់ពេលវេលា ក្នុងការសង្គ្រោះដំណាំពោត និងថ្នាំជក់ខាងលើនេះ ប្រជាពលរដ្ឋទាំងអស់ មានការសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងពន់ពេក ដល់ក្រុមការងារ ចុះជួយឃុំរការខ្នុរ ជាពិសេសលោក ជា សុផារ៉ា ដែលតែងតែចុះមកជួយអន្តរាគមន៍ ទាន់ពេលវេលា។ ក្រោយបញ្ចប់ការជួយអន្តរាគមន៍​ បូមទឹករួចមក លោក ហាក់ សុខមករា និងក្រុមការងារបាននាំយកទេយ្យទាន និងបច្ច័យទៅប្រគេនព្រះចៅអធិការ និងព្រះសង្ឃវត្ត នាគវ័ន្ត និងវត្តហ្លួង ស្ថិតនៅឃុំរការខ្នុរនោះតែម្តង សម្រាប់យកទៅសាងសង់សម្មទ្ធិផលនានា ដែលបង្ហាញពីការយកចិត្តទុកដាក់ លើវិស័យពុទ្ធចក្រ៕