(ស្វាយរៀង)៖ ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិតាពៅ សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង អ្នកស្រី ញឹម ផលឡៃ អាយុ៥០ឆ្នាំ ព្រមទាំងក្រុមគ្រួសាររបស់ អ្នកស្រី នៅតែទទូចឲ្យថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធដោះស្រាយ និងផ្តល់សំណងសមរម្យតាមតម្លៃទីផ្សារ ក្រោយអាជ្ញាធរបានធ្វើលូមុខកាត់ធំ កាត់ចំកណ្តាលដីលំនៅដ្ឋានរបស់អ្នកស្រីតែម្តង។
ពាក់ព័ន្ធនឹងការតវ៉ានេះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឲ្យដឹងថា រឿងគម្រោងធ្វើលូនេះ គឺគណៈកម្មាធិការថ្នាក់ខេត្ត ជាអ្នកដោះស្រាយជាមួយក្រសួងសេដ្ឋកិច្ច ដោយមានក្រុមការងារធ្វើផ្លូវ និងប្រពន្ធ័លូ។
ចំណែកលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ពាក់ព័ន្ធការធ្វើប្រព័ន្ធលូនៅក្រុងបាវិតនេះ ដោយសារសំណូមពររបស់ម្ចាស់ដីខ្ពស់ពេក ដែលក្នុងការដោះស្រាយនេះ វាពុំមានលទ្ធភាពដោះស្រាយបានទេហើយជាង ១០០គ្រួសារបានសម្របសម្រួលអស់ហើយ នៅសល់តែគ្រួសារគាត់តែមួយប៉ុណ្ណោះ ដែលមិនទាន់យល់ព្រម ឥឡូវបានសម្របសម្រួលអស់ហើយរឿងនេះ។
លោកថា «ករណីនេះ លោកអភិបាលខេត្ត ក៏បានឲ្យសម្របសម្រួលឲ្យអស់លទ្ធភាពដែរគម្រោងនេះ បើមានការយឺតយ៉ាវវាប៉ះពាល់ដល់គម្រោងធំ ក្រុមការងារក៏បានដោះស្រាយឲ្យគ្រួសារ គាត់ជាថវិកាពី ៨ទៅ ៩ម៉ឺនដុល្លារ ហើយដែរតែពួកគាត់មិនយល់ព្រម»។
ឆ្លើយតបនឹងការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តស្វាយរៀងខាងលើនេះ អ្នកស្រី ញឹម ផលឡៃ មិនអាចទទួលយកបាននោះឡើយ។ អ្នកស្រីចាត់ទុកថា ការលើកឡើងខុសពីការពិត ដោយហេតុថា ការប៉ះពាល់ដែលលោកអភិបាលរងខេត្តបានលើកឡើងនោះ គឺជាង ១០០គ្រួសារ ជាការប៉ះពាល់លើដីចញ្ចើមផ្លូវដែលជារបស់រដ្ឋ។ ដោយឡែកការប៉ះពាល់ គឺប៉ះពាល់ដល់កម្មសិទ្ធិឯកជន របស់អ្នកស្រី ដែលមានសំណង់រឹងមាំនៅលើដីជាបន្ទប់ជួល និងរបង។
អ្នកស្រីបានបន្តថា ក្រុមការងារបានដោះសំណងឲ្យអ្នកស្រីមានតែ ៣លើកប៉ុណ្ណោះ គឺលើកទី១ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ (ចុះធ្វើការវាស់វែង), លើកទី២ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ និងលើកទី៣ ដំណោះស្រាយចុងក្រោយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តស្វាយរៀង។ ពេលនោះតំណាងក្រសួងហិរញ្ញវត្ថុ និងលោក ហែម ពិសិដ្ឋ បានឲ្យអ្នកស្រី និងគ្រួសារទទួលយកតែម្តងក្នុងតម្លៃចំនួន ៨០.៥៦៤.១៣ដុល្លារសហរដ្ឋអាមេរិក និងប្រាប់ថា គ្មានការកែប្រែទេតម្លៃនេះ និងថាកុំឱ្យមានការស្តាយក្រោយ។
តម្លៃដែលអ្នកស្រី បានដាក់ជូនទៅសាលាខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សាលាខេត្តមិនបានតបតមកអ្នកស្រី និងគ្រួសារវិញទេ ដោយគិតថា តម្លៃដែលបានដាក់ទៅពេលមុន ក៏មានតម្លៃថ្លៃពិតមែន ប៉ុន្តែអ្នកស្រីបានគិតតម្លៃនេះគ្រាន់តែជាតម្លៃ ហើយអ្នកស្រីក៏មានចិត្ត និងសម្រួលចុះបន្ថែមពីតម្លៃនេះដែរ អាស្រ័យដូចច្នេះលោកស្រី និងគ្រួសារសូមតែឲ្យមានតម្លៃសមរម្យ និងយុត្តិធម៌នឹងអាចទទួលយកបាន៕