(ភ្នំពេញ)៖ លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានកោតសរសើរដល់គណៈអភិបាលខណ្ឌ ដែលបានចុះជាប់ជាប្រចាំ ក្នុងការចុះសួរសុខទុក្ខ និងផ្សព្វផ្សាយអប់រអប់រំ ផ្តល់ចំណេះដឹងស្តីពីវិធានការការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនិងជំងឺ COVID-19 និងចែកអំណោយសប្បុរសធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលរស់នៅតាមសហគមន៍អណ្តូង ក្នុងមូលដ្ឋានខណ្ឌចំការមន។
លោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ថ្លែងកោតសរសើរពីការងាររបស់គណៈអភិបាលខណ្ឌនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលមានសមាសភាពចូលរួមពី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសខណ្ឌ ប្រធានការិយាល័យ ទាំង១១ ចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះ លោក ព្រុំ សំខាន់ ក៏បានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សា និងមន្ត្រីចំណុះជំនាញក្រោមឱវាទសាលាខណ្ឌចំការមន បន្តចុះណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុស COVID-19 នេះ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ថេង សុថុល អភិបាលខណ្ឌ ក៏បានជំរាបជូនអង្គប្រជុំ ក្នុងការគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញគោលការណ៍ទប់ស្កាត់ នៃការរីករាលដាលបញ្ហាជំងឺកូវីដ១៩នៅកម្ពុជា ហើយក្នុងនោះ លោកគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន និងបទបញ្ជារបស់រដ្ឋាភិបាល ដែលហាមប្រាមចំពោះប្រជាពលរដ្ឋ កុំឲ្យមានការជួបជុំគ្នាច្រើន។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌចំការមន មានរបៀបវារៈដូចខាងក្រោម៖
*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០
*ទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា និងទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខណ្ឌចំការមន
*ទី៣៖ ពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) របស់រដ្ឋបាលខណ្ឌចំការមន
*ទី៤៖ ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិករដ្ឋបាលខណ្ឌចំការមន
*ទី៥៖ បញ្ហាផ្សេងៗ៕