(តួកគី)៖ យោងតាមព័ត៌មានទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប៉ូលិសតួកគី បានធ្វើការឃុំខ្លួន ជនសង្ស័យ ជាសមាជិកក្រុមឧទ្ទាម IS ចំនួន៣៣នាក់ នៅក្នុងទីក្រុង Istanbul និងនៅខេត្ត Adana តំបន់ភាគខាងត្បូងនៃប្រទេសរបស់ខ្លួន។
នៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងប៉ូលិសប្រឆាំងអំពើភេរវកម្ម បានបើកប្រតិបត្តិការ នៅទូទាំងស្រុកចំនួន៥ នៃទីក្រុង Istanbul ដោយចាប់បានជនសង្ស័យ ដែលគេជឿជាក់ថា ជាសមាជិកក្រុមឧទ្ទាម ចំនួន១០នាក់ ខណៈជនសង្ស័យ២៣នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួននៅក្នុង Adana ក្នុងនោះ១៦នាក់ ជាជនបរទេស ដែលចង់ចូលរួមជាសមាជិកក្រុម IS និង៧នាក់ជាពលរដ្ឋតួកគី ដែលដើរបញ្ចុះបញ្ចូលរកមនុស្ស ដើម្បីចុះចូលជាសមាជិករបស់ក្រុមឧទ្ទាម IS។
ពលរដ្ឋតួកគីទាំង៧នាក់ ជាប់សង្ស័យថាបានដើរជ្រើសរើសមនុស្ស ដើម្បីចុះចូលជាមួយក្រុម IS ត្រូវបានចាប់ខ្លួន ជាមួយនឹងមនុស្ស ដែលពួកគេបានជ្រើសរើសដើម្បីចូលរួម ជាមួយក្រុម IS ចំនួនមួយក្រុម ក្នុងនោះមានស្រ្តីជនជាតិរុស្ស៊ីម្នាក់ និង១៥នាក់ទៀត ជាជនជាតិអេហ្ស៊ីប។
បន្ទាប់ពីធ្វើការត្រួតពិនិត្យសុខភាព ក្រុមជនជាតិបរទេសទាំង១៦នាក់នោះ ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នគ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំ បញ្ជូនពួកគេវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ៕