(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះខ្វះខាតជីវភាព និងប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែមេសាចំនួន១១៣គ្រួសារ មកពីស្រុកចំនួន៣ គឺស្រុកឈូក៥០គ្រួសារ ស្រុកជុំគីរី៥០គ្រួសារ និងស្រុកដងទង់ ១៣គ្រួសារ។
លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងបញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយ ផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយមិនត្រូវទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់ ស្បៀងអាហារ និងគ្មានការដោះស្រាយឡើយ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់គ្នា ពិសេស រស់នៅឱ្យមានអនាម័យល្អ ហូបស្អាត ផឹកស្អាត ដេកក្នុងមុងជានិច្ច។ លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ ជំរុញការងារបង្កបង្កើនផល ដាំដុះឲ្យបានទាន់រដូវកាល រួមនឹងការចិញ្ចឹមសត្វ ដើម្បីធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងសហគមន៍ផងដែរ។
ជាមួយនោះដែរលោក ជាវ តាយ ក៏បានជូនថវិកាសរុប៦៤ម៉ឺនរៀលដល់យុវជនកាកបាទ អ្នកស្ម័គ្រចិត្តកាកបាទ ប្រជាការពារភូមិ និងកងកម្លាំងប្រដាប់អាវុធ ៦៤នាក់ ដោយម្នាក់ៗទទួលបានថវិកាមួយម៉ឺនរៀល។ ជាមួយនោះដែរ លោក ជាវ តាយ ក៏បានជូនថវិកាសរុប ៣២ម៉ឺនរៀល ជូនដល់ប្រជាការពារភូមិ និងកងកម្លាំងប្រដាប់អាវុធ សរុប៣២នាក់ ដោយម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល។
សូមបញ្ជាក់ដែរថា អំណោយដែលបានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋទាំង១០០គ្រួសារ នៅស្រុកឈូក និងស្រុកជុំគិរី នាឱកាសនោះរួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ អំបិល២គីឡូក្រាម ទឹកសុទ្ធ១យួរ និងថវិកាមួយចំនួនផងដែរ។ ដោយឡែកប្រជាពលរដ្ឋ ១៣គ្រួសាររងគ្រោះ រលំផ្ទះទាំងស្រុងនៅស្រុកដងទង់ ទទួលអំណោយរួមមាន៖ ក្នុងមួយគ្រួសារ ទទួលបាន តង់១ មី១កេស និងថវិកា២០ម៉ឺនរៀល៕