(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយផ្នែកអាណាចក្រ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 និងអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគុណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការវត្តមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌ បានប្រគល់នូវទេយ្យវត្ថុ និងបច្ច័យជូនលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខណ្ឌ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺ COVID-19។
បន្ទាប់ពីទទួលបាននូវទេយ្យទាន ទេយ្យវត្ថុ និងថវិការមួយចំនួនរួចមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យជ្រះថ្លា របស់ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការ វត្តមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរខណ្ឌ ដោយកាយវិការសប្បរសធម៌ មនុស្សធម៌ ដើម្បីចូលរួមបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ។
ទោះបីជាកម្ពុជានៅសល់ចំនួន អ្នកកំពុងព្យាបាលតែ៣នាក់ទៀតប៉ុណ្ណោះ ហើយនឹងឈានទៅជាអស់នៅពេលឆាប់ៗនេះ។ រឿងសំខាន់ដែលយើង ត្រូវរួមគ្នាធ្វើគឺ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង កុំឲ្យមេរោគ កូវីដ១៩ តទៅទៀត។ សូមបន្តអនុវត្តតាមវិធានណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួនបំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា អំណោយជាទេយ្យទាន ទេយ្យវត្ថុ និងថវិកាមួយចំនួន លោកនិងយកទៅប្រើប្រាស់ ឲ្យចំទិសដៅក្នុងសកម្មភាពមនុស្សធម៌ ចន្លោះពេលដែលជំងឺ COVID-19 គំរាមកំហែងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជួយសម្រាលការលំបាក ដល់ក្រុមគ្រួសារណា ដែលមានជីវភាពខ្វះខាត ក្រុមគ្រួសារងាយរងគ្រោះ៕