(ភ្នំពេញ)៖ អ្នកពន្លត់អគ្គិភ័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បទពិសោធន៍ជិតមួយទសវត្សរ៍ លោក តាំង ដារិន ធ្លាប់ធ្វើអន្តរាគមន៍ពន្លត់ឧបទ្ទវហេតុភ្លើងឆេះមិនតិចជាង១០០ដងនោះទេ ប៉ុន្តែហេតុការណ៍មួយធ្វើឲ្យលោកចងចាំមិនភ្លេច។
លោក ដារិន ថ្លែងថា៖ «ឧបទ្ទវហេតុមួយដែលធ្វើឲ្យខ្ញុំចាំមិនភ្លេច គឺភ្លើងឆេះសាលាមត្តេយ្យមួយនៅភូមិសាមគ្គី។ យើងបានជួយរំដោះក្មេងម្នាក់ ដែលជាប់ក្នុងសាលាមត្តេយ្យនោះឲ្យរួចជីវិតបានដោយជោគជ័យ»។
លោក ដារិន យល់ថា ការចូលបម្រើក្នុងកងពន្លត់អគ្គិភ័យនៅ ខ្មែរ ប៊ែវើរីជីស តាំងពីក្រុមហ៊ុននេះដាក់ដំណើរការកម្មវិធីនេះដំបូងក្នុងឆ្នាំ២០១៣ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
លោក ដារិន បន្ថែមថា៖ «បំណងរបស់ខ្ញុំតាំងពីដើម គឺចង់ចូលរួមជួយសង្រ្គោះជីវិតមនុស្ស និងសង្គម មិនថាការងារនោះត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងប៉ុណ្ណា។ នៅពេលក្រុមហ៊ុនមានកម្មវិធីជួយពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបែបនេះ ខ្ញុំសម្រេចចូលបម្រើការងារនេះដោយមិនស្ទាក់ស្ទើរ និងមិនរាថយនឹងការងារឡើយ»។
មន្រ្តីពន្លត់អគ្គិភ័យរូបនេះមានមោទនភាព ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែអញ្ជើញអ្នកជំនាញមកធ្វើការបណ្ដុះបណ្ដាលលោក និងសហការីរបស់ខ្លួនជាប្រចាំ ដើម្បីបន្ដចូលរួមជួយសង្រ្គោះពលរដ្ឋពីឧបទ្ទវហេតុភ្លើងឆេះ២៤ម៉ោងលើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព៕