(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាស្វែងរកវិធានការទប់ស្កាត់ ការផ្សព្វផ្សាយរូបភាព សារជាអក្សរ/សំឡេង និងរូបភាពវីដេអូ តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលមានចរិត លក្ខណៈបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទាំងលើអង្គហេតុ និងអង្គច្បាប់រួចមក លោកស្រីរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានសម្រេចប្រគល់ជូនសមាជិក សមាជិកាព្រមទាំងក្រុមការងារលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាពិន័យ និងលើកសរសើរឲ្យរៀបចំនូវបណ្តាវិធាន ដែលរួមមាន៖

*ទី១៖ ធ្វើសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដែអូ ឬ/និងទម្រង់ផ្សេងៗ ដែលបណ្តាលឲ្យមានផលប៉ះពាល់ ចំពោះវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ស្រទាប់មហាជន

*ទី២៖ បង្កើតគេហទំព័រ ឬ/និងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដើម្បីទទួលបានព័ត៌មានពីមហាជន

*ទី៣៖ ត្រូវបង្កើនការយកចិត្តទុកដាក់តាមពិនិត្យ និងចាត់វិធានប្រកបដោយភាពហ្មត់ចត់បំផុត ចំពោះអ្នកប្រើ ប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលមានចេតនាបង្កផលប៉ះពាល់ ដល់វប្បធម៌ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ដោយអនុលោមតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ឬ/និងប្រកាសអន្តរក្រសួងលេខ១៧០ ប្រក.អន្តរក្រ. ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណេតនៅព្រះរាជាណាចក្រកម្ពុជា ឬ/និង ដោយអនុលោម ទៅតាមក្រមព្រហ្មទណ្ឌ ឬច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផ្អែកទៅតាមសកម្មភាពដែលអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម បានប្រព្រឹត្ត៕