(ភ្នំពេញ)៖ ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា សប្តាហ៍នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទាំងប្រទេស ជាមួយការផាកពិន័យខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់។
ក្នុងសេចក្តីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានណែនាំកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់។
ក្នុងសេចក្តីជូនដំណឹងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា ដើម្បីរួមចំណែកជំរុញនូវស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានកាន់តែខ្ពស់ និងដើម្បីចូលរួមចំណែកទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលចេះតែកើនឡើងខ្លាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែកម្រិតផាកពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក។ កម្រិតផាកពិន័យក្នុងអំពើល្មើសចរាចរណ៍ផ្លូវគោកនេះ មានការកើនឡើងទ្វេដង បើធៀបនឹងការផាកពិន័យចាស់។
ខាងក្រោមជាកម្រិតផាកពិន័យមួយចំនួន ដែលបានកំណត់ក្នុងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ បានកំណត់ថា៖
* សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤៖
១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
២៖ ពិន័យទឹកប្រាក់ ៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។
៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។
៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។
៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។
៧៖ ពិន័យ ១លានរៀល ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម។
* សម្រាប់អ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់៖
១៖ បើកគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ
- សម្រាប់យានយន្តធុនស្រាល ពិន័យទឹកប្រាក់ ១លាន ពីរសែនរៀល។
- សម្រាប់យានយន្តធុនធ្ងន់ ពិន័យទឹកប្រាក់ ២លាន ៤សែនរៀល។
ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
២៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាមក្នុងមួយលីត្រឈាម៖
- ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
- ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់
ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងរយៈពេល៦ខែ គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាសទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៣៖ បើកបរប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង៖ ពិន័យប្រាក់ ១២ម៉ឺនរៀល សម្រាប់រថយន្តធុនស្រាល និងពិន័យប្រាក់ ២២ម៉ឺន ៥ពាន់រៀល សម្រាប់រថយន្តធុនធ្ងន់។
សូមអានខ្លឹមសារលំអិតនៃអនុវត្តអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីកម្រិតផាកពិន័យថ្មីនេះ៕