(ឧត្តរមានជ័យ)៖ ទំនប់ទឹកស្រះកែវ ស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានសាងសង់ពង្រីកបន្ថែមប្រវែងប្រមាណ ១.៥គីឡូម៉ែត្រទៀត ដើម្បីទាញយកទឹករក្សាទុកឱ្យបានកាន់តែច្រើនបំពេញតម្រូវការប្រើប្រាស់ និងស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ឃុំចុងកាល់ ជាតំបន់ដាច់ស្រយាលមួយនៅក្នុងស្រុកចុងកាល់ ដែលមិនមានប្រភពទឹកសម្រាប់ទាញយកមកប្រើប្រាស់ និងស្រោចស្រពដំណាំនោះឡើយ។ កាលពីប៉ុន្មានឆ្នាំមុន អាជ្ញាធរបានសម្រេចបង្កើតទំនប់ទឹកស្រះកែវនេះឡើង ដើម្បីរក្សាទឹកទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំរបស់ពួកគាត់។
លោកទេសរដ្ឋមន្ត្រីបន្តថា មកដល់ពេលបច្ចុប្បន្នចំនួនប្រជាពលរដ្ឋចេះតែកើតឡើង ហើយតម្រូវការទឹកសម្រាប់ស្រោចស្រពដំណាំក៏មានតែកាន់តែច្រើន ជាហេតុនាំឱ្យទឹកនៅទំនប់ស្រះកែវ មិនអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ក៏គ្រោងរៀបចំតំបន់នោះ ជាកន្លែងរស់នៅរបស់អតីតយុទ្ធជនបន្ថែមទៀត ដែលជាហេតុធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកកាន់តែច្រើន។
«ប្រជាពលរដ្ឋនៅតំបន់នេះគាត់ត្រូវការទឹកជាចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់គាត់ផង និងសម្រាប់ស្រោចស្រពដំណាំរបស់ពួកគាត់ផង។ ដូច្នេះតម្រូវការទឹកនៅទីនេះសំខាន់ណាស់ ហេតុនេះហើយបានយើងគិតគូរពីការពង្រីកបន្ថែមទំនប់ទឹកស្រះកែវ ធ្វើយ៉ាងទាញយកទឹក និងរក្សាទឹកទុកឱ្យបានកាន់តែច្រើនឱ្យបងប្អូនប្រជាពលរដ្ឋគាត់ប្រើប្រាស់»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។
បន្ទាប់ពីមើលឃើញពីភាពចាំបាច់នេះ លោក គន់ គីម ក៏បានស្នើសុំការជួយអន្តរាគមន៍ពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសាងសង់ពង្រីកបន្ថែមទំនប់ទឹក។ បន្ទាប់ពីស្នើសុំ និងដោយមើលឃើញពីភាពចាំបាច់នៃប្រភពទឹកនៅតំបន់នោះ លោករដ្ឋមន្ត្រី លឹម គានហោ ក៏បានចាត់ចែងឱ្យប្រធានមន្ទីរធនធានទឹកខេត្តចាត់ចែងសាងសង់ភ្លាមៗផងដែរ។
ការសាងសង់ទំនប់ទឹកនេះ បានចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ ការរដ្ឋានសាងសង់ទំនប់ទឹកបន្ថែមនេះ ត្រូវបានបើកដោយផ្ទាល់ពីសំណាក់លោកទេសរដ្ឋមន្ត្រី គន់ គីម ដោយមានការអញ្ជើញចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរធនធានទឹកលោក ញឹន កួន និងអាជ្ញាធរក្នុងខេត្ត។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទំនប់ទឹកនេះត្រូវសាងសង់ពង្រីកបន្ថែមប្រវែង ១.៥គីឡូម៉ែត្រ មានទទឹងខ្នងទំនប់៦ម៉ែត្រ និងមានកម្ពស់១ម៉ែត្រ។ ក្នុងនោះក៏មានសង់កន្លែងបង្ហៀរទឹកចាក់បេតុងប្រវែងប្រមាណ ៤៥ម៉ែត្រ កម្ពស់មួយម៉ែត្រផងដែរ។
លោកប្រធានមន្ទីរបានឱ្យដឹងថា ការសាងសង់ទំនប់ទឹកបន្ថែមនេះ គ្រោងចំណាយពេលប្រមាណ២ខែ។ បន្ទាប់ពីសាងសង់រួចរាល់ធ្វើឱ្យទំនប់អាចស្តុកទឹកបានរហូតដល់ ៨.៥លានម៉ែត្រគូប អាចស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណ ៤៥០ហិកតា និងដំណាំរួមផ្សំ ៥០ហិកតាទៀត។
ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងជួសមុខឱ្យប្រជាពលរដ្ឋដែលអាស្រ័យផលពីទំនប់ទឹកនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋនៅតំបន់ជាយដែនក្នុងខេត្តឧត្តរមានជ័យ ហើយតែងតែជួយដោះស្រាយ និងបំពេញរាល់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះ។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោក លឹម គានហោ ដែលបានចាត់ចែងការងារយ៉ាងឆាប់រហ័សក្នុងការសាងសង់ពង្រីកទំនប់ទឹកនេះ ក្រោយទទួលបានសំណើតែមួយថ្ងៃនោះ។
ទឹកជាប្រភពមិនអាចខ្វះបាននោះឡើយសម្រាប់ប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេសតំបន់ដាចស្រយាលគ្មានប្រភពទឹកដូចជានៅក្នុងស្រុកចុងកាល់ សម្រាប់ការប្រើប្រាស់ និងស្រោចស្រពដំណាំ។ ក្រោយពីឃើញក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកទេសរដ្ឋមន្ត្រី គន់ គីម និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាសាងសង់ពង្រីកទំនប់ទឹកស្រះកែវនេះ នាំឱ្យពលរដ្ឋនៅតំបន់បង្ហាញក្តីរំភើប និងរីករាយជាខ្លាំង។
ប្រជាពលរដ្ឋនៅតំបន់នោះ គោរពថ្លែងអំណរគុណសម្តេចតេជោ, លោកទេសរដ្ឋមន្ត្រី គន់ គីម, លោក លឹម គានហោ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែគិតពីសុខទុក្ខ ហើយដោះស្រាយរាល់បញ្ហារបស់ពួកគាត់៕