(ភ្នំពេញ)៖ បុរសជនបរទេសម្នាក់ ផឹកស៊ីមិនឲ្យលុយគេ វាយម្ចាស់ហាង ហើយរត់ទៅផ្ទះយកកាំភ្លើងមកភ្ជង់គេ ផ្អើលទាំងយប់នៅចំណុចហាងផឹកស៊ីមួយកន្លែង ជិតបាលីរីស៊ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាម៉ោងជាង១១យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
បើតាមអ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេឃើញ ជនបរទសខាងលើចូលទៅផឹកស៊ី នៅហាងមួយកន្លែងជិតបាលីរីស៊ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លុះចូលផឹកស៊ីរួចដល់ពេលគិតលុយ មិនមានលុយគេទេ ហើយភ្លាមនោះម្ចាស់ហាងសួរនាំហេតុអ្វី បានផឹកហើយអត់ឲ្យលុយ ស្រាប់តែជនបរទេសរូបនោះ ខឹងក៏បានវាយម្ចាស់ហាងមួយដៃចំមុខ រួចចុះរត់ទៅផ្ទះស្រាប់តែត្រឡប់មកវិញ យកទាំងលុយ និងកាំភ្លើងមកភ្ជង់គេ បង្កឲ្យមានការភ័យខ្លាចស្ទើរគ្រប់គ្នា ព្រោះខ្លាចជនបរទេសរូបនោះបាញ់។
លុះឃើញសភាពមិនស្រួលបែបនេះ ម្ចាស់ហាងបានទូរសព្ទ័រាយការណ៍ ទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ចុះមកជួយអន្តរាគមន៍ឃាត់ជនបរទេស ដែលបង្កនោះរួមជាមួយកាំភ្លើងខ្លីមួយដើម។
ជនបរទេសត្រូវបានឃាត់ខ្លួន ទៅសួរនាំនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌសែនសុខ៕