(ភ្នំពេញ)៖ ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គិតជាទឹកប្រាក់សរុបប្រមាណ ៣,៥៤៦,៨០០ដុល្លារ ត្រូវបានផ្ដល់ជូនតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិសហរដ្ឋអាមេរិក (USAID) ដល់អង្គការដៃគូរបស់ USAID សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន៖ WHO, FHI360, UNICEF and Save the Children ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
ពិធីប្រគល់-ទទួលនេះ បានរៀបចំឡើងនៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រួមជាមួយឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W.Murphy ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា លោករីករាយណាស់ដែលបានចូលរួមចំណែកឆ្លើយតបជាមួយកម្ពុជា ចំពោះជំងឺកូវីដ១៩នេះ ហើយនឹងបន្ដកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូ ដ៏យូរអង្វែងនេះបន្ថែមទៀត លើផ្នែកសុខាភិបាល។
លោក Patrick W.Murphy បានថ្លែងបន្តថា «សូមអបអរសាទរជាមួយកម្ពុជា ក្នុងការទទួលបានជោគជ័យជាច្រើនកន្លងមកនេះ ហើយយើងនៅតែបន្ដសហការជាមួយគ្នាតទៅមុខទៀត ។លើសពីនោះ ក៏សូមសរសើរដល់ប្រជាជនកម្ពុជា ដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេស ការមិនធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងមិនមានការប្រារព្ធកម្មវិធី ដែលមានការប្រជុំជនគ្នាច្រើន និងការរក្សាគម្លាតពីគ្នា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល»។
ជាងនេះទៅទៀត លោក Patrick W.Murphy ក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខ និងមន្ដ្រីសុខាភិបាលកម្ពុជាទាំងអស់ ដែលបានប្រយុទ្ធនឹងជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លានេះ ដែលបញ្ជាក់ពីចំណងសាមគ្គីភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការកម្ពុជា-សហរដ្ឋអាមេរិក ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស ជាពិសេស គឺការរំលឹកខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕