(ភ្នំពេញ)៖ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នឹងរងផលប៉ះពាល់ខ្លាំងនៅត្រីមាសទី២ ឆ្នាំ២០២០នេះ ដែលជាហេតុតម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នារិះរកដំណោះស្រាយ ពិសេសភាគីរាជរដ្ឋាភិបាល និយោជក សហជីព-កម្មករ និងអង្គការដៃគូនានា។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ហេង សួរ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពនៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ដែលឈប់សម្រាកនាកំលុងពេលបុណ្យចូលឆ្នាំថ្មី។ សន្និសីទនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
លោក ហេង សួរ បានឱ្យដឹងថា នៅពេលប្រទេសនៅទ្វីបអឺរ៉ុប និងអាមេរិករងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ពួកគេបានបិទទីផ្សារលក់ដូរជាបន្តបន្ទាប់ រីឯប្រជាពលរដ្ឋក៏គ្មានអ្នកណាចាយវាយខ្ជីខ្ជាទៀតដែរ ដែលជាហេតុធ្វើឱ្យតម្រូវការសម្លៀកបំពាក់ ស្បែកជើង សម្ភារវាយនភណ្ឌនានា និងទំនិញផ្សេងទៀតនោះ ត្រូវបានកាត់បន្ថយយ៉ាងកំហុក។
លោក ហេង សួរ បានបន្តថា ប្រការនេះបានធ្វើឱ្យរោងចក្រផលិតសម្ភារវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងមួយចំនួនធំនៅកម្ពុជា បានដាក់ពាក្យស្នើសុំព្យួរដំណើរការផលិត និងសុំបិទទ្វារជាបន្តបន្ទាប់។ ប៉ុន្តែដោយសារការខិតខំសម្របសម្រួលគ្នារវាងភាគីពាក់ព័ន្ធទាំងឡាយ ទាំងភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងកម្មករនិយោជិត បានសម្រួលពីការស្នើសុំបិទទ្វារមកត្រឹមការព្យួរបណ្ដោះអាសន្នសិន។
លោកថា ភាគីរាជរដ្ឋាភិបាលបានដាក់ចេញវិធានការបន្ធូរបន្ថយការបង់ពន្ធ ការបង់វិភាគទាន ប.ស.ស និងព្យាយាមសម្របសម្រួលកាតព្វកិច្ច ឬករណីយកិច្ចមួយចំនួនជូនភាគីនិយោជក។ ចំណែកឯកម្មករនិយោជិតក៏ព្រមទទួលយកការផ្ដល់ប្រាក់ឈ្នួលខ្លះៗពីនិយោជក ទោះបីមិនបាន ១០០% ក៏ដោយ ក៏កម្មករនិយោជិតអាចទទួលយកបាន ធ្វើយ៉ាងណាឱ្យតែរោងចក្រនៅត្រឹមព្យួរ និងអាចនៅបន្តដំណើរការផលិតនៅកម្ពុជា នាពេលវិបត្តិជំងឺនេះកន្លងផុត ហើយភាគីនិយោជកក៏យល់ព្រមផ្ដល់ប្រាក់ឈ្នួលខ្លះទៅឱ្យកម្មកររបស់ខ្លួន និងយល់ព្រមព្យួរសិនផងដែរ។
បើតាមលោក ហេង សួរ គិតមកដល់ពេលនេះ មានរោងចក្រប្រមាណជាង ១៣០ ហើយដែលបានដាក់ពាក្យស្នើសុំព្យួរ ក្នុងនោះមានកម្មករនិយោជិតប្រមាណជិត ១០ ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីការព្យួរនេះ ហើយរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីរក្សានូវការងារ រក្សាប្រាក់ចំណូលខ្លះសម្រាប់កម្មករនិយោជិតទាំងនោះដែរ។
ថ្វីដ្បិតភាគីទាំងឡាយហាក់បន្ធូរបន្ថយឱ្យគ្នាទៅវិញមកក៏ពិតមែន ប៉ុន្តែចំពោះការនាំចេញផលិតផលផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងក៏កំពុងរងផលប៉ះពាល់ជាបណ្ដើរៗហើយដែរ ដោយមកដល់ត្រីមាសទី១ នៃឆ្នាំ២០២០ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនៅសល់ប្រមាណ ៨០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
លោក ហេង សួរ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់ទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញនៅឡើយទេ សម្រាប់ខែឧសភា និងខែមិថុនា ក៏ដូចជារយៈពេលតទៅមុខទៀត ដែលអាចសន្និដ្ឋានបានថាការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងការប៉ះពាល់ខ្លាំងនៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ។
លោកបានថ្លែងយ៉ាងដូច្នេះថា «យើងទទួលស្គាល់ថាការនាំចេញរបស់យើង គឺពិតជាប៉ះពាល់ ពិសេសក្នុងត្រីមាសទី២នេះតែម្ដង ដែលយើងគិតថាអាចប្រហាក់ប្រហែល ៥០-៦០ ភាគរយ នៃតួលេខឆ្នាំទៅ»។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ក្នុងពេលកើតមានវិបត្តិជំងឺកូវីដ-១៩នេះ គ្មានប្រទេសណាអាចគេចផុតបានពីបញ្ហាទាំងឡាយនេះបានឡើយ។ ការប៉ះពាល់សេដ្ឋកិច្ចនៅប្រទេសមួយ វាប្រាកជាប៉ះពាល់ដល់សេដ្ឋកិច្ចនៅប្រទេសមួយផ្សេងទៀត តួយ៉ាងដូចជាប្រទេសកម្ពុជា ទោះបីជាជំងឺកូវីដ-១៩នេះ កើតមានឡើងនៅប្រទេសណាក៏ដោយ ក៏មិនមានផលល្អសម្រាប់កម្ពុជាឡើយ៕