(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានលើកឡើងថា អ្នករិះគន់ចំពោះការធ្វើចត្តាឡីស័ក លើកម្មករ កម្មការិនីរោងចក្រ ដែលឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំ ពេលនេះបានកែប្រែគំនិតមកគាំទ្រ នូវចំណាត់ការរបស់រាជរដ្ឋាភិបាលវិញ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូល បម្រើការងារវិញ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ហេង សួរ បានអះអាងថា ក្រោយរាជរដ្ឋាភិបាលដាក់ចេញវិធានការ ចត្តាឡីស័កនេះ ស្រាប់តែមានអធិប្បាយផ្ទុយពីធ្វើដែលជាគោលបំណងនេះផងដែរ។

បើតាមលោក ហេង សួរ ក្រុមអ្នកអធិប្បាយទាំងនោះ បានចោទប្រកាន់ថា ការធ្វើចត្ដាឡីស័កទៅលើកម្មករ កម្មការិនីរោងចក្រទាំងអស់នោះ គឺជាការធ្វើទណ្ឌកម្មទៅវិញ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុមអ្នកអធិប្បាយទាំងអស់នោះ បានកែប្រែនូវអ្វីដែលខ្លួនបាននិយាយខុស មកជាគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាល ដោយបើកឲ្យមានការពិនិត្យសុខភាពលើកម្មកររោងចក្រ។

លោក ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «ជាការពិតណាស់ នៅពេលយើងបានចាប់ផ្ដើមអនុវត្តនូវវិធានចត្តាឡីស័កនេះ គឺពីដំបូងអាចមានអ្នកយល់ច្រឡំ ហើយបានធ្វើអត្ថាធិប្បាយថា វាជាទណ្ឌកម្មសម្រាប់កម្មកររោងចក្រដែលបានឈប់សម្រាក ប៉ុន្ដែបន្ទាប់ពីបានឃើញប្រតិកម្ម អំពីកម្មករនិយោជិតផ្ទាល់តែម្ដង ជាពិសេសកម្មករជាង៩៥ភាគរយ ដែលមកធ្វើការ។ យើងឃើញថា ដែលបានអត្ថាធិប្បាយខុសនេះ គឺបានកែសម្រួលនូវទស្សនៈរបស់ខ្លួន។ រហូតមកដល់ពេលនេះ ចុងក្រោយនេះអ្នកដែលអត្ថាធិប្បាយអវិជ្ជមាននេះ បែរជាគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការបើកឲ្យមានការត្រួតពិនិត្យសុខភាពបងប្អូន ដែលបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ។

អ្នកនាំពាក្យក្រសួងការងាររូបនេះ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ក្រសួងការងារ សហការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល បានពិនិត្យសុខភាពកម្មករ ចំនួន៥,០៤៣នាក់ ក្នុងនោះមានចំនួន១២៥នាក់ បានយកសំណាក់ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយរកឃើញថា គ្មានជំងឺ COVID-19 នោះទេ។

ទន្ទឹមគ្នានេះ លោក ហេង សួរ ក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើការមិនគិតពីពេលវេលា និងការនឿយហត់របស់ខ្លួន ក្នុងការពិនិត្យសុខភាពជូនកម្មករ និយោជិត ហើយពេលនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។

ព្រមពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ អះអាងថា ក្រោយចូលឆ្នាំមានកម្មករមួយផ្នែកតូច បានឈប់ធ្វើការងារតែម្តង ដោយពួកគាត់បានងាកទៅជួយការងារគ្រួសារនៅស្រែចម្ការ ដោយសារតែរដូវប្រាំងជិតឈានចូលមកដល់ ហើយខ្លះទៀត ផ្លាស់ប្ដូរកន្លែងធ្វើការនៅស្រុកកំណើតផងដែរ។

គួរជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។

គិតចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសានេះ គឺមានរយៈពេលលើស ១៤ថ្ងៃ ហើយក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាល ក៏ពុំបានរកឃើញករណីវិជ្ជមាន កូវីដ-១៩ ថ្មី និងយោងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសំណាកទាំង១២៥ករណី ក្រសួងសម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយរក្សាទុកតែមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងវិទ្យាល័យជម្ពូវ័ន ដើម្បីបន្តតាមដានស្ថានភាពសុខភាពកម្មករចំនួន ២០នាក់តទៀត រហូតដល់ស្ថានភាពសុខភាពអ្នកទាំងនេះអាចទៅធ្វើចត្តាឡីស័កនៅតាមផ្ទះបាន។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល, រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ រៀបចំមណ្ឌលត្រួតពិនិត្យសុខភាព ចំនួន១០កន្លែង និងមណ្ឌលចត្តាឡីស័ក ចំនួន ៣កន្លែង ដើម្បីត្រួតពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ៕