(ភ្នំពេញ)៖ ខណៈរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យស្ថាប័នអប់រំនានា បន្តជួយសិស្សនិស្សិតដើម្បីបន្តបង្កើនចំណេះដឹង រួមទាំងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ឬ ពីចម្ងាយដើម្បីចៀសវាងនូវជំងឺកូវីដ១៩ មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE ) បានដាក់កម្មវិធីសិក្សា ដោយប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកថ្មីទំនើប។
ជាមួយនឹងការគាំទ្រពីសំណាក់ស្ថាប័ន IDP Education ក្រោមកម្មវិធីកិច្ចការសង្គមក្នុងវិស័យអប់រំ ACE ប្រកាសផ្តល់ជូនសិស្សនិស្សិតនូវអាហារូបករណ៍មួយរយភាគរយ សម្រាប់ការសិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំពេញចំនួន ២០០កន្លែង ដើម្បីសិក្សានៅសាខាណាមួយក្នុងចំណោមទីតាំង៦ចំនួន ដោយរួមទាំងទីតាំងថ្មីនៅតាខ្មៅផងដែរ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងACE បានថ្លែងថា៖ កំឡុងពេលដែល ACE គ្រប់ទីតាំងផ្អាកការបង្រៀនក្នុងថ្នាក់ ដោយប្រើប្រាស់បច្ចេកវិទ្យានិងនិយាមសិក្សាធិការទំនើបជំនួសវិញ ដែលអាចឱ្យសិស្សនិស្សិតសន្ទនាជាមួយលោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់ ព្រមទាំងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ (education apps) កំពុងត្រូវបានអនុវត្ត ក្នុងការបន្តផ្តល់នូវការអប់រំ ដែលមានគុណភាពដល់សិស្សរបស់ខ្លួនទាំងអស់។
តាមរយៈការផ្តល់នូវអាហារូបករណ៍មួយឆ្នាំពេញចំនួន២០០កន្លែងនេះ នឹងផ្តល់ឱកាសនូវការអប់រំដែលមានគុណភាពនេះ ដល់សិស្សនិស្សិត ដែលអាចជួបសម្រាលការលំបាកក្នុងការបន្តការសិក្សា ឫមានកង្វះខាតផ្នែកហិរញ្ញវត្ថុក្នុងកំឡុងពេលដ៏លំបាកនេះ។
លោក Ashley Irving ចាងហ្វាងACE បានថ្លែងថា៖ ដើម្បីបន្តជ្រោមជ្រែងការសិក្សារបស់សិស្សនៅគេហដ្ឋាន ក្រុមការងារបច្ចេកទេសខាងអប់រំតាមប្រព័ន្ធអេឡិចត្រូនិកបាន និងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេលប៉ុន្មានខែនេះ ដើម្បីផ្តល់ជូនសិស្ស និស្សិត នូវបទពិសោធន៍សិក្សាដែលមានវិសាលភាព។ «ក្រុមការងារយើងខ្ញុំ មិនត្រឹមតែជ្រើសរើសយកកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដែលនាំមុខលើពិភពលោកដូចជា Zoom for Education, ClassDojo និង Google Classroom មកប្រើប្រាស់ប៉ុណ្ណោះទេ តែក៏បានបង្កើតនូវវីដេអូណែនាំ ថ្នាក់រៀនបង្ហាញពីគន្លឹះនៃការរៀនពីចំងាយ និងថ្នាក់បង្ហាត់នូវការប្រើប្រាស់ប្រព័ន្ធសិក្សាផ្សេងៗ ដើម្បីផ្តល់ជូនដល់សិស្ស និស្សិតទាំងអស់នូវចំណេះ និងជំនាញសំរាប់ជាប្រយោជន៍ដល់ការសិក្សារបស់គាត់»។
កញ្ញា ម៉ម ជូលីណា និងលោក Andrew Millar ដែលជាអ្នកទទួលរ៉ាប់រងនូវកិច្ចការលើកកំពស់បទពិសោធន៍សិក្សារបស់សិស្ស បានឱ្យដឹងថា កម្រិតនៃចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករបស់ សិស្ស និស្សិត និងលោកគ្រូអ្នកគ្រូបានអភិវឌ្ឍយ៉ាងខ្លាំងគួរអោយកត់សម្គាល់។
កញ្ញា សុខេង បញ្ចនាថ ដែលជាគ្រូបង្រៀន និងអ្នកឯកទេសផ្នែកអប់រំបានលើកឡើងថា លោកគ្រូ អ្នកគ្រូ នៅសាលាACE តែងតែបង្ហាញនូវអារម្មណ៍វិជ្ជមាន ក្នុងការអនុវត្តការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំនួយដល់ការសិក្សារបស់សិស្សនៅតាមគេហដ្ឋាន។ បច្ចេកវិទ្យាមិនអាចជំនួសគ្រូបង្រៀនបានទេ ប៉ុន្តែគ្រូបង្រៀនដែលមានភាពច្នៃប្រឌិតអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំនួយដល់ការសិក្សារបស់សិស្ស ឱ្យមានភាពជោគជ័យ ដោយជាពិសេស ផ្តោតទៅលើគោលការណ៍រក្សាសុខភាព និងសុវត្ថិភាពរបស់សិស្ស មាតាបិតា លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់នៅក្នុងស្ថានភាពជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ។
ឆោម សុវណ្ណរ៉ូហ្សា សិស្សសាលាACE កំពុងសិក្សាកម្មវិធីសិក្សាអង់គ្លេសកម្រិតទូទៅបាននិយាយថា៖ មុនដំបូង ខ្ញុំគិតថាការរៀនតាមប្រព័ន្ធអនឡាញមានភាពលំបាក ប៉ុន្តែក្រោយពីបានរៀនមួយរយៈមក ខ្ញុំបានឃើញថាវាមានចំណុចល្អ និងគួរអោយចាប់អារម្មណ៍ជាច្រើន ដែលធ្វើឱ្យខ្ញុំចង់បន្តការសិក្សាតាមប្រព័ន្ធអនឡាញ»។
លោកស្រី Samira Hazari គ្រូបណ្តុះបណ្តាលនៅACE បានលើកឡើងថា៖ សិស្សទទួលបានការបង្ហាត់ណែនាំក្នុងការប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឱ្យពួកគាត់ទទួលបានការសិក្សាដែលមានប្រសិទ្ធិភាព, អាចទទួលបាននូវឯកសារ និងសកម្មភាពសិក្សាផ្សេងៗ ព្រមទាំងអាចចូលរួមក្នុងការងារ និងការពិភាក្សាជាក្រុម។
លោកស្រី ហូ កុឡាប ដែលមានបុត្រម្នាក់កំពុងសិក្សាកម្មវិធីសម្រាប់កុមារនៅ ACE បានឱ្យដឹងថា៖ «មុនដំបូងខ្ញុំឆ្ងល់ថា កូនរៀនពីផ្ទះតាមរបៀបណា ប៉ុន្តែឥឡូវខ្ញុំឃើញថា គាត់រៀនបានចេះច្រើន ហើយសប្បាយ ជាពិសេសផ្តល់នូវសកម្មភាពល្អៗឱ្យកូនខ្ញុំដូចពេលគាត់រៀននៅសាលាដែរ»។
អាហារូបករណ៍២០០កន្លែង សម្រាប់ការសិក្សាមួយឆ្នាំពេញ ត្រូវបានផ្តល់ជូនសម្រាប់កម្មវិធីសិក្សាសម្រាប់កុមារអាយុពី ៨ដល់១០ឆ្នាំ កម្មវិធីសិក្សាសម្រាប់សិស្សមធ្យមសិក្សាអាយុពី ១១ដល់១៤ឆ្នាំ កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ សម្រាប់សិស្សអាយុចាប់ពី១៥ឆ្នាំឡើង និងកម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតខ្ពស់ និងសម្រាប់ត្រៀមខ្លួនទៅសិក្សានៅបរទេស។
បេក្ខជន ឬអាណាព្យាបាលអាចដាក់ពាក្យតាមរយៈប្រព័ន្ធអេឡិចត្រូនិចតាមរយៈ https://acecambodia.org/ACEScholarship ឬ ទាក់ទងទៅកាន់លេខ៖ ០៨៥ ៨០៩ ៥៨៩ / ០១៥ ៣៦០ ៨៤៦ សម្រាប់ព័ត៌មានបន្ថែម។ បេក្ខជននឹងទទួលបានការធ្វើតេស្តវាស់ស្ទង់កម្រិតភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិកដោយឥតគិតថ្លៃ ដើម្បីចូលរៀនក្នុងកម្រិតដែលត្រូវនឹងសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន។
ដើម្បីឱ្យបេក្ខជនទាំងអស់ ទទួលបានឱកាសស្មើៗគ្នា លក្ខខណ្ឌនៃការជ្រើសរើសរួមមាន សមភាពយេនឌ័រ ថ្នាក់និងម៉ោងសិក្សាដែលមាននៅសាលាអេស៊ីអ៊ី តម្រូវការ និងសក្តានុពលក្នុងការប្រើប្រាស់ជំនាញភាសាអង់គ្លេស ដែលបេក្ខជនបំពេញក្នុងពាក្យសុំអាហារូបករណ៍។
បេក្ខជនជយលាភី នឹងចាប់ផ្តើមចូលរៀនតាមប្រព័ន្ធអេឡិចត្រូនិកនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ហើយនឹងអាចជ្រើសរើសចូលរៀន នៅទីតាំងណាមួយក្នុងចំណោមទីតាំងសាសា ACEទាំងអស់ នៅពេលណាដែលរាជរដ្ឋាភិបាលអនុញ្ញាតអោយបើកសាលារៀនជាធម្មតាឡើងវិញ៕