(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅពេលនេះរាជរដ្ឋាភិបាល សម្រេច ឲ្យពលករជាង២០០នាក់ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី អាចត្រឡប់មកកម្ពុជា បើសិនអាជ្ញាធរម៉ាឡេស៊ីបញ្ជាក់ថា គ្មានជំងឺកូវីដ១៩ទេនោះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើពលករខ្មែរដែលកំពុងស្នាក់នៅម៉ាឡេស៊ី ត្រូវបានរកឃើញថាមានជំងឺកូវីដនោះ តម្រូវឲ្យព្យាបាលនៅទីនោះជាំសះស្បើយសិន ទើបអនុញ្ញាតឲ្យត្រឡប់មកកម្ពុជាវិញ។ ដោយឡែកសម្រាប់បងប្អូន ដែលគ្មានជំងឺកូវីដ១៩ ពេលមកដល់កម្ពុជា ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «អរគុណកូនក្មួយនៅម៉ាឡេស៊ី ដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា។ មកទល់ថ្ងៃនេះកម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។
រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរ វិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗក្នុងពេលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។ ប៉ុន្តែនៅពេលនេះបម្រាមការធ្វើដំណើរ ក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យកូនក្មួយពលករខ្មែរជាង២០០នាក់ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលា ឲ្យខាងអាជ្ញាធរម៉ាឡេស៉ី គេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថា កូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។
សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាល នៅទីនោះសិនរហូតដល់ជាសះស្បើយ ទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។ ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ»៕