(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ កម្មការិនី ដែលឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានអារម្មណ៍សោកស្តាយ ក្រោយមិនបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ខណៈពួកគេសម្លឹងឃើញមិត្តភក្តិរបស់ខ្លួនបំពេញការងារធម្មតាពេញរោងចក្រ។
ការលើកឡើងបែបនេះ របស់លោក ហេង សួរ បានធ្វើឡើងឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងឱកាសដែលលោក ហេង សួរ បានអញ្ជើញធ្វើជាវិគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពនៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ ដែលឈប់អំឡុងបុណ្យចូលឆ្នាំ» ដែលរៀបចំឡើងអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងអំឡុងពេលដែលយើងផ្តល់សេវាត្រួតពិនិត្យនេះ គឺយើងបានជួបជាមួយនឹងបងប្អូន កម្មករយើងដែលបានឈប់សម្រាកកន្លងមកនេះ ជាការពិតពួកគាត់ក៏មានការសោកស្តាយ ដែលគាត់បានឈប់នៅក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅនេះ ប៉ុន្តែ ពេលគាត់ឈប់ហើយ គាតឃើញសហការីគាត់ជាង៩៥% ចូលមកធ្វើការធម្មតា ទើបគាត់មានអារម្មណ៍ថាគាត់ខុសដែរ»។
លោក ហេង សួរ បានបន្តថា ក្រោយទទួលបានការអនុវត្តតាមចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បងប្អូនកម្មករ កម្មការិនី ក៏បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ដែលបានឈប់សម្រាកខុសនឹងបំរាមរាជរដ្ឋាភិបាល ដែលបានដាក់ចេញ សម្រាប់ការពារសុវត្ថិភាពសុខភាព របស់ពួកគាត់ ដូច្នេះ ក្រសួងការងារ បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តចំពោះការទទួលស្គាល់កំហុសនេះជាដើម។
លោក ហេង សួរ បានបញ្ជាក់ថា មកដល់ថ្ងៃនេះមានរយៈពេល ៧ថ្ងៃហើយ នៃការធ្វើសត្តាឡីស័ក លើបងប្អូនកម្មករ កម្មការិនី ទាំង៥,០៤៣នាក់ ដូច្នេះ ពួកគាត់មិនទាន់អាចត្រឡប់មកបំពេញការងាររបស់ខ្លួនបាននោះទេ បើទោះបីធ្វើតេស្តមិនឃើញមានវីរុស COVID-19 គឺត្រូវរង់ចាំរហូត១៤ថ្ងៃ តាមការកំណត់របស់មន្ត្រីចត្តាឡីស័ក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនឱ្យមានការឈប់សម្រាកចូលឆ្នាំថ្មីនោះឡើយចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា សប្តាហ៍ក្រោយនេះ។ ទាំងមន្ត្រីរាជការ កម្មករ និយោជិត និងបុគ្គលិកតាមក្រុមហ៊ុននានា គឺនៅធ្វើការជាធម្មតា។ ការសម្រេចមិនឱ្យឈប់សម្រាកពេលបុណ្យចូលឆ្នាំថ្មី ជាវិធានការមួយទប់ស្កាត់កុំឱ្យមានការចម្លងរីករាលដាលជំងឺកូវីដ១៩។
បើទោះបីជាមានការសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងនេះក្តី នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនមួយចំនួន មានព័ត៌មានថា មានកម្មករ និយោជិត និងបុគ្គលិកមួយចំនួន នៅតែចចេសចង់ឈប់បំពានលើការសម្រេចនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហជីពនានា កំពុងសហការជាមួយរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ធ្វើយុទ្ធនាការអប់រំ និងពន្យល់ដល់កម្មករ និយោជិត និងបុគ្គលិកទាំងនោះឱ្យយល់ និងសូមកុំចចេសឈប់សម្រាកនៅសប្តាហ៍ក្រោយនេះ ព្រោះអាចប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរ៕