(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បាននាំយកលទ្ធផល និងដំណោះស្រាយបញ្ហាជាក់ស្តែង ប្រចាំថ្ងៃ នៃការប្រើប្រាស់រថយន្ត និងម៉ូតូ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីឲ្យបានជ្រាបកាន់តែខ្លាំង និងងាយស្រួលប្រើប្រាស់ បន្តនូវយានយន្តរបស់ខ្លួនតាមផ្លូវច្បាប់។
ការផ្សព្វផ្សាយនេះពី ដំណោះស្រាយ និងដំណឹងល្អនេះ បានធ្វើឡើងខណៈដែល លោកអភិបាលខណ្ឌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការ សាលាខណ្ឌ ចុះពិនិត្យមើលការស្តារប្រឡាយ០១ខ្សែ ដែលមានប្រវែង៣០០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិសាស្ត្រសង្កាត់ចំនួន០៤ គឺសង្កាត់ក្រាំងពង្រ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់សាក់សំពៅ ព្រមទាំងឆ្លៀតឱកាសសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋទាំង០៤សង្កាត់។ នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោកអភិបាលខណ្ឌ បានប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ទាំងអស់ត្រូវដោះស្រាយតាមសំណូមពរ និងបញ្ហាទាំងឡាយរបស់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ចំពោះអ្វីដែលយើងអាចដោះស្រាយជាក់ស្តែង។
លើសពីនេះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសួរសុខទុក្ខ ពីអភិបាលរាជធានីភ្នំពេញ ដែលតែងបានណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ ដល់បញ្ហានានា របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេច តែងបានគិតគូអំពីការលំបាក និងបញ្ហានានា របស់បងប្អូនប្រជាពលរដ្ឋ និងបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ ចំពោះរាល់សំណូមពរ របស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈនានា និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ព្រមទាំងរាយការណ៍ ជូនថ្នាក់ដឹកនាំអំពីបញ្ហា កង្វល់ និងតម្រូវការនានារបស់បងប្អូន។
ជាមួយគ្នានេះ លោកអភិបាល ក៏បានធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានដឹងអំពីការសម្រេច របស់សម្តេចតេជោ ដើម្បីសម្រាលដល់ការលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋ លើបញ្ហាមួយចំនួនដូចជា៖ ទី១-ការទទួលស្គាល់ប័ណ្ណសម្គាល់យានយន្ត ដែលកាន់កាប់ជាក់ស្តែង ហើយបានទិញបន្តពីម្ចាស់មុន ដោយមិនតម្រូវឲ្យ មានការបញ្ជាក់ពីម្ចាស់ដើមទេ ហើយមិនចាំបាច់កាត់ឈ្មោះ ពីម្ចាស់មុន និងបង់សេវានោះឡើយ ពោលអាចប្រើប្រាស់បានតែម្តង មានន័យថា បើប្រជាពលរដ្ឋណាមានឡាន និងម៉ូតូតែឈ្មោះកាតគ្រី មនុស្សផ្សេងក៏អាចប្រើបានជាធម្មតា ទី២-ការលើកលែងបន្ទុកបង់ពន្ធប្រថាប់ត្រា ដោយគិតអត្រាពន្ធ ០% ចំពោះការផ្ទេរមរតក ០៣ប្រភេទ គឺផ្ទេរពីជីដូនជីតាទៅចៅ ពីឪពុកម្តាយទៅកូន និងពីប្តីទៅប្រពន្ធ ឬប្រពន្ធ ទៅប្តី ទី៣-ការកំណត់ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យទីតាំងសម្រាប់ពិនិត្យបច្ចេកទេសរថយន្ត (ឆៀក) ឲ្យបានច្រើនកន្លែង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងទី៤-ចាប់ពីខែមេសា ឆ្នាំ២០១៧ តទៅប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់បណ្តាញអគ្គិសនី របស់រដ្ឋត្រូវគិតតម្លៃត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងការប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោងចុះក្រោម។
ទាំងអស់នេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ទទួលយកសំណូមពរ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីដោះស្រាយជូនបងប្អូន ឲ្យទទួលបាននូវសេវាសាធារណៈសមរម្យ និងផលប្រយោជន៍បន្ថែមទៀត។ គួរបញ្ជាក់ថា ប្រឡាយ០១ខែ្ស ដែលបានស្តារមានប្រវែង ៣០០០ម៉ែត្រ ស្តារបន្តពីឆ្នាំកន្លងមុន ប្រវែង ១៥០០ម៉ែត្រ ដើម្បីប្រើប្រាស់ជាប្រយោជន៍ សម្រាប់ផ្លូវចរាចរណ៍ និងស្រោចស្រពលើដីស្រែ របស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ចំនួន០៤ គឺសង្កាត់ក្រាំងពង្រ ពងទឹក ព្រៃវែង និងសាក់សំពៅ ដោយស្តារជម្រៅ ១,៥ម៉ែត្របន្ថែមលើជម្រៅប្រឡាយចាស់ និងមានទំហំ ៥ម៉ែត្រ ទំហំផ្លូវអមសងខាងប្រឡាយ មានទំហំ ៥ម៉ែត្រសងខាង៕