(ភ្នំពេញ)៖ ម៉ាសពេទ្យចំនួន១០ម៉ឺន អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ដែលបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ហ្វាក់គី សែចិន ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាតំណាងពិសេសរបស់ក្រសួងពាណិជ្ជកម្ម ប្រចាំនៅប្រទេសចិន និងលោក គ័រ តាឡី អគ្គនាយកក្រុមហ៊ុនទ្រព្យសម្បត្ដិអន្ដរជាតិ ហៃណាអ៊ីនថុង។

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្ដិអន្ដរជាតិ ហៃណាអ៊ីនថុង បានផ្ដល់អំណោយនូវម៉ាសពេទ្យចំនួន១០ម៉ឺនម៉ាស ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកឧកញ៉ា ហ្វាក់គី សែចិន ដើម្បីជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតប ការរាតត្បាតជំងឺកូវីដ១៩។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្ដិអន្ដរជាតិ ហៃណាអ៊ីនថុង ដែលសបញ្ជាក់នូវវប្បធម៌នៃការចែករំលែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់ និងមិនមានករណីឆ្លងថ្មីទេ៕