(ភ្នំពេញ)៖ ថ្វីដ្បិតអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសល់តែ៣នាក់ក៏ពិតមែន ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅតែព្រមានអំពីរលកនៃការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ឬ Second wave ប្រសិនបើប្រជាពលរដ្ឋប្រមាទធ្វេសប្រហែល ដោយស្ថាប័នទាំងពីរបានបន្តទទូចឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការបង្ការការពារនានា និងប្រុងប្រយ័ត្នឱ្យបានជាប់ជានិច្ច។
ការបន្តអះអាងអំពីបញ្ហានេះត្រូវបានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩នៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្វីដ្បិតតែនៅកម្ពុជារយៈពេលប៉ុន្មានថ្ងៃនេះ មិនមានការរកឃើញករណីថ្មីនៃការឆ្លងជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែមិនមែនបញ្ជាក់ថាប្រទេសកម្ពុជាឆ្លងផុតពីហានិភ័យនោះទេ ដោយសារថាគេមិនទាន់ស្គាល់អត្តចរិតរបស់វីរុសកូវីដ-១៩នេះឱ្យបានច្បាស់លាស់នៅឡើយទេ។ ម្យ៉ាងទៀត អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញ និងដាក់ការសង្ស័យថា វីរុសកូវីដ-១៩នឹងមានការវិវត្តខ្លួនក្នុងការចម្លងលឿនជាងជំងឺសារស៍ (SARS) និងជំងឺម៉ឺស (MERS) មានន័យថា ប្រសិនបើគេរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ម្នាក់ គឺវាអាចឆ្លងទៅមនុស្សចាប់ពី ៤-៥ នាក់ផ្សេងទៀត (ប្រសិនបើប្រៀបធៀបជាមួយជំងឺសារស៍ និងជំងឺម៉ឺស វាចម្លងបានតែ ២-៣ នាក់ប៉ុណ្ណោះ)។
មួយវិញទៀត ជំងឺកូវីដ-១៩នេះធ្វើចលនាបម្លាស់ទីដោយសេរី ទោះជាទៅដល់ទីកន្លែងណា ប្រទេសណា តំបន់ណាក៏ដោយ គឺវាធ្វើចលនាតាមរយៈការចរាចរណ៍របស់មនុស្ស ឱ្យតែមនុស្សដែលផ្ទុកជំងឺនេះទៅដល់ទីណាក៏ដោយ គឺវានឹងចម្លងទៅអ្នកដទៃភ្លាមៗ។
លោកស្រីបានបង្ហាញទៀតថា វិធានការដែលមានប្រសិទ្ធភាពខ្ពស់់ គឺគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត និងការមិនជួបប្រជុំគ្នាច្រើន។
ប៉ុន្តែបើតាមការវាយតម្លៃផ្ទាល់ខ្លួនរបស់លោកស្រី ឱ វណ្ណឌីន ឃើញថា «ប្រជាពលរដ្ឋកម្ពុជាឆាប់ភ័យខ្លាច ហើយក៏ឆាប់ភ្លេចដែរ ដែលនេះជាកំហុសឆ្គងមួយដែលយើងអាចភ្លេចវីរុសកូវីដ-១៩បាន ប៉ុន្តែវីរុសកូវីដ-១៩មិនបានភ្លេចយើងបានទេ ឱ្យតែមានឱកាសនោះវីរុសកូវីដ-១៩នឹងវាយលុកក្នុងខ្លួនប្រាណយើងហើយ»។
លោកវេជ្ជបណ្ឌិត លី ឰឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ក៏បានអះអាងដែរថា កម្ពុជានៅតែស្ថិតក្នុងស្ថានភាពគ្រោះអាសន្ន និងត្រូវប្រុងប្រយ័ត្នជានិច្ច។
ក្នុងន័យនេះលោកស្រីចង់បញ្ជាក់ថា ការឆ្លងរីករាលដាលកន្លងមកនេះ គឺអាចនិយាយបានថា «ត្រឹមជាការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ប៉ុណ្ណោះ» ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋមានការធ្វេសប្រហែស ហើយជំងឺឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍ ភូមិឋានប្រជាពលរដ្ឋនោះ វាគឺជាគ្រោះអាសន្នធំណាស់សម្រាប់ប្រទេសកម្ពុជា ដូច្នេះការបន្តអនុវត្តវិធានការនានានៅតែការចាំបាច់។
ចំណែកឯលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ែន បារហ៍ (Laurence BARH) នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជាមិនទាន់ត្រលប់ទៅស្ថានភាពធម្មតាវិញនៅឡើយទេ ពោលគឺនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នដដែល ទោះបីមិនមានអ្នកឆ្លងថ្មីក៏ដោយ ពីព្រោះថាស្ថានភាពនៅតាមប្រទេសមួយចំនួននៅលើពិភពលោក និងនៅក្នុងតំបន់មិនទាន់មានភាពធូរស្រាលនៅឡើយដែរ។
លោកស្រីព្រមានថា «ប្រសិនបើយើងភ្លេចខ្លួននៅពេលនេះ យើងនឹងធ្លាក់ទៅក្នុងរណ្ដៅមរណៈ បានន័យថា ប្រសិនបើយើងភ្លេចខ្លួន យើងនឹងឈានទៅដល់រលកទី២នៃការរីករាលដាល ឬ Second wave ជាក់មិនខាន»។
បើតាមលោកស្រី ឡូរ៉ែន បានឱ្យដឹងទៀតថា «វាក់សាំង» ក៏មិនទាន់ប្រើប្រាស់បាន ពីព្រោះវាកំពុងស្ថិតដំណាក់កាលនៃការបង្កើត និងការសាកល្បង ដូច្នេះភារកិច្ចចំពោះមុខរបស់ប្រជាពលរដ្ឋគ្រប់គ្នា គឺត្រូវបន្តអនុវត្តតាមវិធានការបង្ការការពារនានារបស់អង្គការសុខភាពពិភពលោក រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមជម្រាបថា គិតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅសល់តែ ៣ នាក់ទៀតប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១២២ នាក់នៅប្រទេសកម្ពុជា៕