(តូក្យូ)៖ ប្រទេសជប៉ុន និងចក្រភពអង់គ្លេស បានព្រមព្រៀងក្នុងការបោះជំហានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋធានីតូក្យូ ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ភាគីទាំងពីរពួកគេនឹងអភិវឌ្ឍន៍ប្រព័ន្ធគ្រាប់មីស៊ីលសម្រាប់បាញ់បំផ្លាញយន្តហោះដែលជំរុញឲ្យប្រទេស ជប៉ុន និងអង់គ្លេស ឈានទៅរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតផ្នែកការពារជាតិ។ លោក Michael Fallon រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសបានលើកឡើងថា លោកនឹងផ្តល់យន្តហោះ RAF Typhoon ដល់ប្រទេសជប៉ុនក្នុងឆ្នាំ២០១៦នេះ។
ដោយឡែកសមភាគីជប៉ុន លោក Gen Nakatani បានបញ្ជាក់ថា កិច្ចព្រមព្រៀងរួមគ្នា ក្នុងការជំរុញវិស័យការពារជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ នឹងផ្តោតលើការរក្សាសន្តិសុខដែនសមុទ្រ និងសន្តិសុខប្រព័ន្ធអ៊ីនធើណែត៕