(កំពង់ធំ)៖ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម គឺជាការធ្វើពាណិជ្ជកម្ម ស្មោះត្រង់មួយដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានដាក់ចេញក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាព លើផលិតផលរបស់កសិករ ស្របទៅតាមទីផ្សារជាតិ និងអន្តរជាតិ។
លោក គង់ ភាជ បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យា ផលិតកម្ម កសិកម្ម ស្តីពីការ« ការទិញលក់ផលិតផលស្វាយចន្ទី» រវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ ក្នុងខេត្តកំពង់ធំ។
លោក គង់ ភាជ អះអាងថា កិច្ចសន្យានេះមានការព្រមព្រៀង រវាងភាគីអ្នកផលិតដែលជាកសិករ ឬសហគមន៍ និងភាគីក្រុមហ៊ុន ដែលកំណត់រួចជាស្រេចទាំងកម្រិត គុណភាពរបស់ផលិតផល កសិកម្ម ព្រមទាំងតម្លៃទីផ្សារនៅថ្ងៃប្រមូលផល អាចនិយាយបានថា ជាការផ្តល់នូវទំនុកចិត្តរវាងគ្នា និងគ្នា។ ចំពោះការចុះកិច្ចសន្យា រវាងក្រុមកសិករដាំដុះស្វាយចន្ទី ជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទីជ័យសំបូរ គឺបានជជែកវែកញែករួចជាស្រេច មុននឹងឈានមកដល់ការចុះហត្ថលេខានេះ ដែលអាចផ្តល់នូវផលចំណេញទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុន។
លោកបន្តទៀតថា ពេលនេះក្រសួងបានជំរុញឲ្យការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាគឺខិតខំបន្សុទ្ធពូជជាពិសេសស្វាយចន្ទី M២៣ ដើម្បីឲ្យមាន ការទទួលស្គាល់លើទីផ្សារជាតិនិងអន្តរជាតិ។
លោកស្រី អ៊ិន ឡៃហួត តំណាងសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ បានលើកឡើងថា ដើម្បីធានាបាននូវការកែច្នៃគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ក្រុមការងារបច្ចេកទេសបានធ្វើការសិក្សាបច្ចេកទេសសំខាន់ៗ នៅក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី ដោយបានរៀបចំជាដំណើរការ កែច្នៃអនុលោមតាមស្តង់ដារសាកល និងបទពិសោធន៍ជាក់ស្ដែងដែលធ្លាប់អនុវត្តកន្លងមកដូចជា ការគ្រប់គ្រងគុណភាពសុវត្ថិភាពចំណីអាហារ គោលការណ៍អនាម័យ ការសិក្សាខ្សែច្រវ៉ាក់កែច្នៃ និងគ្រប់គ្រងដំណាក់កាលនីមួយៗ រៀបចំនិងគ្រប់គ្រងរបាយការណ៍ការត្រួតពិនិត្យ និងថែទាំឧបករណ៍សម្រាប់ជាដើម។
លោកស្រីបានបន្តទៀតថា ការចុះកិច្ចសន្យាធ្វើឲ្យមានភាពកក់ក្តៅ រវាងក្រុមហ៊ុន និងកសិករនិងដើម្បីផ្ដល់ភាពទុកចិត្តដល់អ្នកដាំដុះ និងធ្វើឲ្យមានការកាត់បន្ថយ ការចំណាកស្រុក របស់បងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រីមេផ្ទះ។ លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកដាំដុះត្រូវធ្វើយ៉ាងណាជួយសម្រិតសម្រាំងនៅពូជ ក៏ដូចជាផលិតផលឲ្យបានល្អកុំយកគំនិតដែលមិនល្អទៅអនុវត្ត ដើម្បីធ្វើឲ្យការបាត់បង់នូវទីផ្សាររបស់ខ្លួន។
គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការ «ការទិញលក់ផលិតផលស្វាយចន្ទី» រវាងក្រុមកសិករដាំដុះស្វាយ ចន្ទីជាមួយសិប្បកម្ម កែច្នៃគ្រាប់ពូជស្វាយចន្ទីជ័យសំបូរ មានចំនួន៧រូប ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីរ ចំនួន២០០ ហិចតាជាប្រភេទM២៣៕