(ភ្នំពេញ)៖ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំបើកកិច្ចប្រជុំត្រៀមអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីត-១៩។

ទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងថា ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោក និងនិយាយដោយឡែកសម្រាប់កម្ពុជាយើង កំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រដែលផលិតដោយ នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ របស់ក្រសួងផែនការ។

តម្រូវការនៃការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រមានការកើនឡើងជាលំដាប់ ដូច្នេះដើម្បីបំពេញនូវសេចក្តីត្រូវការនេះ ទើបចាប់តាំងពីឆ្នាំ២០០៥មក ក្រសួងផែនការបានដឹកនាំបង្កើតនូវនីតិវិធី អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានលក្ខណៈសុខដុមនីយកម្មមួយ ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធនៃស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវដែលមានបទពិសោធន៍ដោយបានសំយោគនូវនីតិវិធី និងលក្ខណៈវិនិច្ឆ័យទាំងឡាយដែលធ្លាប់បានដំណើរការដោយស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានដំណើរការសាកល្បងជាច្រើនលើកច្រើនសារ រហូតដល់ទទួលបាននូវការឯកភាពលើទស្សនៈការងារ ចង្វាក់ការងារ យន្ដការការងារ កសាងបាននូវនីតិវិធីអត្ដសញ្ញាណកម្ម គ្រួសារក្រីក្រជាតិមួយសម្រាប់ ការកំណត់អត្ដសញ្ញាណគ្រួសារក្រីក្រនៅតំបន់ជនបទនិងផ្សារភ្ជាប់ជាមួយស្ថានភាពជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាជននៅជនបទ និងដាក់ឱ្យដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ២០០៧មក។

ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់សម្រាប់អន្តរាគមន៍ និងគោលនយោបាយនានា ជាពិសេសសម្រាប់ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ជាមួយគ្នានឹងសំណូមពរឱ្យមានការអភិវឌ្ឍនិងមានលក្ខណៈជាស៊េរីនៃទិន្នន័យគ្រួសារក្រីក្រ ក្រសួងផែនការបានធ្វើការកំណត់អត្ដសញ្ញាណគ្រួសារក្រីក្រ ឱ្យមានលក្ខណៈជាប្រព័ន្ធដោយបានអនុវត្ដចំនួន៨ ឬ៩រាជធានីខេត្ដក្នុង១ឆ្នាំ និងធ្វើបច្ចុប្បន្នកម្មរៀងរាល់៣ឆ្នាំម្ដង។

លទ្ធផលចុងក្រោយ នៃការអនុវត្ដអត្ដសញ្ញាណកម្មគ្រួសារក្រីក្រនៅតាមភូមិនីមួយៗ គឺបញ្ជីគ្រួសារក្រីក្រចុងក្រោយដែលទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំ-សង្កាត់ និងមានដំកល់ទុកនៅភូមិ០១ច្បាប់ សាលា ឃុំសង្កាត់០១ច្បាប់។ បញ្ជីគ្រួសារក្រីក្រចុងក្រោយ បញ្ជីសំណួរដែលបានបំពេញរួច និងបញ្ជីគ្រួសារក្នុងភូមិសម្រាប់អត្ដសញ្ញាណកម្មគ្រួសារក្រីក្រពីគ្រប់ភូមិគោលដៅទាំងអស់ ក៏ដូចជារូបថតគ្រួសារក្រីក្រត្រូវបានបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រ។ មូលដ្ឋានទិន្នន័យគ្រួសារក្រីក្រជាកម្មវិធីកែច្នៃទិន្នន័យដោយផ្អែកលើទិន្នន័យឆៅ (Raw data) ដែលប្រមូលបានពីភូមិឃុំសង្កាត់ដែលបានអនុវត្ដអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ និងបានផលិតនូវរបាយការណ៍សំខាន់ៗជាច្រើន ដូចជា៖ បញ្ជីគ្រួសារក្រីក្រ ព័ត៌មានលម្អិតស្ដីពីសមាជិកគ្រួសារក្រីក្រ រូបថតគ្រួសារក្រីក្រ តារាងប្រៀបធៀបអត្រាភាពក្រីក្រនៅថ្នាក់ឃុំ-សង្កាត់ និងភូមិ និងស្ថិតិមួយចំនួនទៀត។

ក្រៅពីរបាយការណ៍ទិន្នន័យគ្រួសារក្រីក្រ ដែលផលិតចេញពីមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រនៅតាមបណ្តាភូមិ ឃុំ-សង្កាត់ ក៏មានរក្សាទុកនូវបញ្ជីគ្រួសារក្រីក្រចុងក្រោយ ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំ-សង្កាត់។ គ្រប់គ្រួសារក្រីក្រទាំងអស់ ដែលមានក្នុងបញ្ជីគ្រួសារក្រីក្រចុងក្រោយត្រូវទទួលបាននូវបណ្ណសមធម៌ ១សន្លឹក ហើយបណ្ណនេះមានអត្ថប្រយោជន៍សំខាន់ពីរគឺ ទី១ ជួយដល់គ្រួសារក្រីក្រស្វែងរកឬទទួលបានសេវា ឬជំនួយផ្សេងៗដែលមាន និងទី២ ជួយដល់អ្នកផ្ដល់សេវា ឬជំនួយពិនិត្យផ្ទៀងផ្ទាត់អត្ដសញ្ញាណសមាជិកគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវា ឬជំនួយដល់ពួកគាត់។

ជាមួយគ្នានេះដែរ ក្រសួងផែនការបានបន្តធ្វើការកែសម្រួលកម្រងបញ្ជីសំណួរ និងមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មទិន្នន័យ មានដូចជា៖ គ្រួសារក្រីក្រដែលមានសមាជិក ផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ គ្រួសារក្រីក្រដែលមានសមាជិកពិការភាព គ្រួសារអតីតយុទ្ធជន គ្រួសារ ក្រីក្រដែលមានចាស់ជរា ជាដើម។

ចាប់តាំងពីឆ្នាំ២០១៦មក ទោះបីជាមានការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមជុំប្រមូលទិន្នន័យនៅក្នុងខេត្តគោលដៅនីមួយៗ ត្រូវបានអនុវត្តទាំងនៅទីប្រជុំជន ទាំងនៅទីជនបទក៏ដោយ ក៏នៅមានគ្រួសារក្រីក្រពិតប្រាកដមួយចំនួនមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយ ដោយសារគ្រួសារខ្លះបានធ្វើចំណាកស្រុក គ្រួសារខ្លះអវត្តមានក្នុងពេលដំណើរការសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ហើយក៏អាចមានគ្រួសារមួយចំនួនមានការប្រែប្រួលស្ថានភាពរបស់ខ្លួន។ ម្យ៉ាងទៀត ដោយសារលក្ខណៈប្រជាសាស្រ្តរបស់គ្រួសារ ការកើនសមាជិកគ្រួសារថ្មី ឬដោយសារការបាត់បង់ជីវិតសមាជិកគ្រួសារ រៀបអាពាហ៍ពិពាហ៍។ល។

ជាការឆ្លើយតបចំពោះបញ្ហាប្រឈមនេះ ក្រសួងផែនការ បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺ «ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ» ដើម្បីផ្តល់ឱកាសឱ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់សុំសម្ភាសន៍ ដើម្បីទទួលបានប័ណ្ណសមធម៌នៅក្នុងចន្លោះជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការនឹងដាក់ដំណើរការក្នុងឆ្នាំ២០២០ខាងមុខនេះ។ តាមរយៈយន្តការ ទី១ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រជាប្រព័ន្ធតាមជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ និង ទី២ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ នឹងចូលរួមផ្តល់ទិន្នន័យគ្រួសារក្រីក្រកាន់តែពេញលេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងអ្នកផ្តល់សេវា ឬជំនួយនានាក្រោមគម្រោងនៃក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម។

ជាលទ្ធផល គិតត្រឹមឆ្នាំ២០១៥ មានក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ បានប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ សម្រាប់គម្រោង និងកម្មវិធីចំនួន១៣៦ ស្មើនឹង៦៣% នៃគម្រោងនិងកម្មវិធីអភិវឌ្ឍន៍សរុបទូទាំងប្រទេសសម្រាប់ជាមូលដ្ឋានក្នុងការផ្តល់ជំនួយ និងសេវាផ្សេងៗដល់គ្រួសារក្រីក្រ។

ក្រសួងផែនការពិតមានមោទនភាពខ្លាំងណាស់ ដោយសាទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ ដូចជា៖

*ទី១៖ ចាប់តាំងពីឆ្នាំ២០០៧ ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់ដោយក្រសួងសុខាភិបាល និងអង្គការនានា សម្រាប់ជាមូលដ្ឋានផ្តល់សេវាសុខភាពជូនដល់គ្រួសារក្រីក្រ។
*ទី២៖ ឆ្នាំ២០០៨ នៅពេលកម្ពុជាទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយទឹកជំនន់ គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ត្រូវបានគិតគូរជាពិសេសសម្រាប់អន្តរាគមន៍ជួយពួក គាត់ដោយឧបត្ថម្ភជាស្បៀងអាហារ។
*ទី៣៖ ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីស្បៀងពលកម្ម និងការផ្តល់អាហារូបករណ៍សម្រាប់សិស្សក្រីក្រ នៅថ្នាក់បឋមសិក្សា
*ទី៤៖ ឆ្នាំ២០១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ចំនួន៧៦០ ០០០រៀល ដើម្បីចូលរួមចំណែកនូវការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ, និង លើកកម្ពស់សុខុមាលភាពមាតានិងទារក ព្រមទាំងរួមចំណែកបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ, និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

ដោយសារចាប់ផ្តើមពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោក រួមទាំងកម្ពុជាយើងផង កំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្ររបស់ក្រសួងផែនការ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងប៉ះពាល់ខ្លាំងជាងគេ។

ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ពាល់ដោយសារការរីករាល ដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺកូវីត-១៩។

ផ្តើមចេញពីបញ្ហានេះ និងដើម្បីទទួលបានទិន្នន័យសម្រាប់ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រគឺ កិច្ចប្រជុំក្រុមការងារចំពោះកិច្ច ១) រៀបចំគោលនយោបាយថវិកា ហិរញ្ញកិច្ច និង២) រៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីត-១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងចំនួន២ គឺ ក្រសួងផែនការត្រូវរៀបចំក្របខ័ណ្ឌនិងយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំដើម្បីបំពេញបន្ថែមទិន្នន័យ ដូចជា គ្រួសារក្រីក្រដែលមិនទាន់បានធ្វើការកំណត់អត្តសញ្ញាណជាគ្រួសារក្រីក្រ គ្រួសារ ខ្លះទៀតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដហើយធ្លាក់ចូលក្នុងភាពក្រីក្រ និងត្រូវកែសម្រួល ទិន្នន័យគ្រួសារក្រីក្រដែលមានស្រាប់ (ដូចជាដកចេញគ្រួសារដែលមានជីវិភាពលេចធ្លោខ្លាំង គ្រួសារដែលមានសមាជិកស្លាប់អស់។ល។)។ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំយន្តការកំណត់ក្រុមគោលដៅ គណនាចំនួនថវិកាដែលត្រូវផ្តល់ជូន និងរៀបចំយន្តការសម្រាប់បើកប្រាក់។ល។

លទ្ធផលនៃកិច្ចប្រជុំបានសម្រេចឱ្យក្រសួងផែនការ រៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែល (១) តំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និង (២) តំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និង ត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ។

ដូច្នេះដើម្បីសម្រេចកិច្ចការនេះ ទទួលបានជោគជ័យ ទេសរដ្ឋមន្ត្រី ឆាយ ថន ស្នើប្រធានមន្ទីរផែនទាំងអស់ ដូចខាងក្រោម៖

*ទី១៖ ត្រៀមមន្រ្តីដែលមានសមត្ថភាព និងលះបង់ពេលវេលាសម្រាប់ធ្វើជាគ្រូបង្គោល និងទទួលខុសត្រូវនៅតាមស្រុក និងឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅពេល អនុវត្តការងារ។
*ទី២៖ ដោយសារការសម្ភាសន៍ តាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ប្រើប្រាស់តាប្លេត នៅតាមមន្ទីរផែនការរាជធានី-ខេត្ត ត្រូវជ្រើសរើសអ្នកមានជំនាញ IT ១ឬ ២នាក់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនៅពេលតាប្លេតមានបញ្ហា។
*ទី៣៖ ត្រូវមានកម្មវិធីការងារ និងបែងចែកការទទួលខុសត្រូវច្បាស់លាស់។
*ទី៤៖ ត្រូវចុះតាមដានជាប្រចាំ និង ណែនាំដល់មន្រ្តីរបស់ខ្លួន និងឃុំសង្កាត់ ដូចជា ចុះពិនិត្យមើលការដាក់សំណើរសម្ភាសន៍ និងការជ្រើសរើសមុខសញ្ញាដែលត្រូវសម្ភាសន៍ឱ្យបានច្បាស់លាស់។
*ទី៥៖ ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវទិន្នន័យជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ ពិការភាព ចាស់ជរា និង កុមារ ជាពិសេសទិន្នន័យក្រុមអាយុ នៅពេលធ្វើសម្ភាសន៍។
*ទី៦៖ អំឡុងពេលអនុវត្តការងារ ចាំត្រូវរាយការណ៍ពីវឌ្ឍនភាពនៅម៉ោង១៧០០ ជារៀងរាល់ថ្ងៃតាមក្រុមតេឡេក្រាម OD-IDPoor-Covid-19។
*ទី៧៖ ត្រូវអនុវត្តចំណុចទាំង៦ខាងលើ ដើម្បីជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ក្រសួងផែនការ។

នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ នឹងរៀបចំវគ្គបណ្តុះបណ្តាល នីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ តាមការសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕