(ភ្នំពេញ)៖ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកស្រី ឡូរ៉ង់ បារ៉ែល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថាន មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយមិនទាន់មានបញ្ហាចោទនោះទេ។
ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំ នៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ការធ្វើតេស្ដ (តេស្ដរកកូវីដ១៩) សមត្ថភាពមន្ទីរពិសោធន៍ នៅមិនទាន់មានបញ្ហាចោទ នៅឡើយទេ សម្រាប់វិទ្យាស្ថានប៉ាស្ទ័រយើង នៅមានសមត្ថភាពសម្រាប់ធ្វើតេស្ដបន្ថែមទៀត»។
លោកស្រី ឡូរ៉ង់ បារ៉ែល បានលើកឡើងថា វិទ្យាស្ថានប៉ាស្ទ័រ បានធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយក្រសួងសុខាភិបាល, អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍នានា សម្រាប់ត្រៀមរៀបចំជាស្រេច នៅលើសមត្ថភាពមន្ទីរពិសោធន៍ នៅពេលដែលមានការផ្ទុះធំឡើង នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
បន្ថែមពីនោះទៀត នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឲ្យដឹងថា ក្នុងផែនការនោះ ក្រសួងសុខាភិបាល ក៏មានផែនការសម្រាប់ពង្រីក ទៅលើមន្ទីរពិសោធន៍ផ្សេងទៀត ក្រៅពីវិទ្យាស្ថានប៉ាស្ទ័រ ក្នុងការត្រៀមសម្រាប់ធ្វើតេស្ដរកកូវីដ-១៩ ដូច្នេះ សម្រាប់ពេលបច្ចុប្បន្ននេះ វិទ្យាស្ថាន គឺមិនទាន់ជាចោទជាបញ្ហាទេ។
លោកស្រី ឡូរ៉ង់ បារ៉ែល បានបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រ នៅតែអាចតេស្ដរកជំងឺកូវីដ-១៩ បានរាប់ពាន់តេស្ដទៀត ហើយម្យ៉ាងទៀត វិទ្យាស្ថាន កំពុងតែមានផែនការ ទិញសម្ភារធ្វើតេស្ដ នៅមន្ទីរពិសោធន៍បន្ដទៀតផងដែរ។
លោកស្រី បានគូសបញ្ជាក់ទៀតថា វិទ្យាស្ថានប៉ាស្ទ័រ ក៏កំពុងធ្វើការជាមួយ អង្គការសុខភាពពិភពលោក ដើម្បីធ្វើការនាំចូលនូវវត្ថុធាតុ សម្រាប់ធ្វើតេស្ដកូវីដ១៩ ខណៈដែលនៅលើសកលលោក កំពុងតែផលិត ដូច្នេះកម្ពុជា បានត្រៀមរៀបចំជាស្រេច សម្រាប់ទិញបន្ថែមទៀត នូវវត្ថុសម្រាប់ធ្វើតេស្ដនេះ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ ចំនួន២នាក់ទៀត បានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់១១៩នាក់ ខណៈនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ហើយមិនមានករណីឆ្លងថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាល ទាំង៣នាក់ ក្នុងនោះ មានស្រ្តីម្នាក់ និងបុរស២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត៕