(ភ្នំពេញ)៖ ស្ថានទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការជាមួយក្រុមប្រឹក្សាផ្សព្វផ្សាយទេសចណ៍ម៉ាឡេស៊ី បានបង្កើតកម្មវិធី «យើងយកចិត្តទុកដាក់ យើងចែករំលែក» ដើម្បីបង្ហាញពីភាពសាមគ្គីគ្នា រវាងស្ថាប័នសុខាភិបាល និងសហគមន៍ នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
កម្មវិធីនេះបង្ហាញ និងគាំទ្រ ចំពោះការខិតខំ ប្រឹងប្រែង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្គលិកដទៃ ដែលបានខិតខំបំពេញភារកិច្ច ដោយគ្មានការឈប់សម្រាក ក្នុងការជួយទប់ស្កាត់មិនឱ្យមានការរីករាលដាលនៃមេរាគកូវីដ១៩។
ជាផ្នែកមួយនៃកម្មវិធីនេះ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ស្ថានទូតម៉ាឡេស៊ី បានធ្វើការជួបសំណេះសំណាល និងជូនជាអំណោយលើកទឹកចិត្ត ដល់អង្គភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩គឺ មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដែលដឹកនាំដោយលោក Eldeen Husaini Bin Mohd Hashim ឯកអគ្គរាជទូតនៃស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ការជួយសំណេះសំណាលនេះ គឺដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ នៅពេលដែលមានស្ថានភាពធ្ងន់ធ្ងរដូចជា ករណីជំងឺកូវីដត១៩ ឯកអគ្គរាជទូត នៃស្ថានទូតម៉ាឡេស៊ី បានលើកទឹកចិត្ត ដល់ប្រជាជនកម្ពុជាទាំងមូលយកចិត្តទុកដាក់ថែរក្សាការពារសុខភាពឱ្យបានខ្ពស់នៅទីកន្លែងដែលមានសុវត្ថិភាព និងចូលរួមផ្សព្វផ្សាយបន្តៗគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ ឱ្យបាត់ពីពិភពលោកយើងមួយនេះ ហើយយើងម្នាក់ៗ ទាមទារម្រូវឱ្យប្រមូលចូលរួមទាំងកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវ ដែលប៉ះពាល់ដល់អាយុជិវិតផងដែរ។
លោក Eldeen Husaini Bin Mohd Hashim បានថ្លែងថា បុគ្គលម្នាក់ៗអាចប្រឆាំងនឹងជំងឺនេះបាន ប៉ុន្តែយើងមិនអាចផ្តួលវាបានទេ ប្រសិនបើយើងគ្រប់គ្នា មិនបោះបង់ចោលនូវទំលាប់ភាពរើសអើង ហើយងាកមករួបរួមសាមគ្គីគ្នាវិញទេនោះ។ យើងព្យាយាមឱ្យមនុស្សទាំងអស់ គ្នាយល់ថាបើទោះបីជាយើងមានសាសនា ឬក៏ជំនឿខុសពីគ្នាក៏ពិតមែនតែជំងឺនេះ វាមិនបានកើតឡើងខុសភាពគ្នារវាងអក្នមាន ឬអ្នកក្រ សុខភាពល្អ ឬមិនល្អ តែវាគឺជាសត្រូវរបស់យើងម្នាក់ៗ។
ស្ថានទូត ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិធីសាស្រ្ត និងគោលនយោបាយនានាដែលកំពុងតែអនុវត្ត ក្នុងការដោះស្រាយនូវមេរោគរាតត្បាតមួយនេះ ទាន់ពេលវេលា។ រហូតមកទល់ពេលនេះ ចំនួនអ្នកឆ្លងសរុប នៅកម្ពុជា មាន១២២នាក់ ជាសះស្បើយ១១៧នាក់ ហើយរយៈ១៥ថ្ងៃកន្លងមកនេះ មិនមានករណីវិជ្ជមានថ្មីនៃវីរុសកូវីដ១៩ទេ។
លោក Eldeen Husaini Bin Mohd Hashim បានបន្តថា នៅក្រោមកម្មវិធី «យើងយកចិត្តទុកដាក់យើងចែករំលែក» មានន័យថាយើង យកចិត្តទុកដាក់ ចំពោះអ្នកគ្រប់គ្នាដែលយើងអាចជួយបាន។ ដូចដែលយើងជ្រាបហើយ ថាប្រទេសម៉ាឡេស៊ី ក៏ដូចជាប្រទេសកម្ពុជាដែរ ប្រជាជនមានជំនឿ និងគោរពសាសនាផ្សេងៗ គ្នាហើយកម្មវិធីរបស់យើងបានបង្កើតឡើង ដើម្បីបង្ហាញដល់ប្រជាជនដែលគោរពជំនឿខុសៗ គ្នាយល់ដឹងពីមិត្តភាពម៉ាឡេស៊ី។ យើងនៅទីនេះជាមួយគ្នា, ការរួបរួមគ្នា នឹងអាចកំចាត់មេរោគនេះបាន ហើយវាក៏ជាសារចែករំលែកដែលយើង កំពុងតែអនុវត្ត តាមរយៈកម្មវិធីសប្បុរសធម៌នានានេះ។
លោក ក៏បានសរសីរផងដែរថា ប្រជាជនកម្ពុជាមានការគោរព និងអនុវត្តតាមច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានកំណត់ ដើម្បីកុំឱ្យមានការរាតត្បាតពីមេរោគនេះ ជាទ្រង់ទ្រាយធំ។
លោក ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះស្ថានទូតម៉ាឡេស៊ី និងក្រុមប្រឹក្សាផ្សព្វផ្សាយ ទេសចណ៍ម៉ាឡេស៊ី ដែលបានឧបត្ថម្ភជា កាដូចំនួន ៧កញ្ចប់ ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺ Covid-19៕