(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំពាវនាវដល់មន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ចូលរួមអបអរសាទរខួបទី១៥៧ និងចូលរួមជាថវិកាតាមសទ្ធាជ្រះថ្លាក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០២០ ដែលនឹងរៀបចំឡើងនៅថ្ងៃ០៨ ឧសភា ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមប្រធានបទ (ខ្ញុំស្រឡាញ់ សន្តិភាព ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា)។
លោក សុខ លូ បានថ្លែងអំពាវនាវយ៉ាងដូច្នេះនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវា ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងបញ្ជាការទាំង៣ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអភិបាល ក្រុង/ស្រុក ជាច្រើនាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោក សុខ លូ បានផ្សព្វផ្សាយពីលិខិតលេខ ១៣៩ កក្រក.ទ.ទ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ របស់កាកបាទក្រហមកម្ពុជា ស្ដីពីការកៀរងគរ រកមូលនិធិតាមបណ្ដាសាខា ក្នុងឱកាសអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ឧសភា ក្រោមប្រធានបទ (ខ្ញុំស្រឡាញ់ សន្តិភាព ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា)។
លោកបានបន្តថា ការបង្កើតគណៈកម្មការរៀបចំការគៀងគររកមូលនិធិ និងអំណោយមនុស្សធម៌ មានភារកិច្ចដូចជា៖ រៀបចំធ្វើសេចក្តីអំពាវនាវ បណ្ដាខ្លឹមសារពាក់ព័ន្ធទិវា និងបែងចែកទៅតាមគោលដៅ, រៀបចំរូបថតផ្សព្វផ្សាយ ពីសកម្មភាពមនុស្សធម៌នៅកន្លែងទទួលអំណោយ, ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងតាមប្រព័ន្ធព័ត៌មាន អំពីសារៈសំខាន់ទិវា ០៨ ឧសភា, រៀបចំលិខិតថ្លែងអំណរគុណជូនសប្បុរសជន, រាយការណ៍សុំយោបល់គណៈកម្មការកណ្ដាលករណីចាំបាច់, បូកសរុបលទ្ធផលកៀងគរ រកមូលនិធិប្រចាំថ្ងៃ និងវគ្គបញ្ចប់ជូនថ្នាក់ដឹកនាំ។
ជាចុងក្រោយលោក សុខ លូ បានសង្កត់ធ្ងន់ទៅលើការសម្អាតបរិស្ថាន សូមឱ្យថ្នាក់ដឹកនាំទាំងអស់ជំរុញផ្សព្វផ្សាយពីការសំអាតបរិស្ថាននៅក្នុងខេត្តក៏ដូចនៅតាម ស្រុក ដើម្បីឲ្យក្លាយទៅជាទីក្រុងស្អាត។ សម្រាប់ពលករដែលធ្វើចំណាកស្រុកសព្វថ្ងៃនេះ ត្រូវតែតាមដានគាត់ជាប្រចាំគ្រប់ពេលវេលា ព្រោះគាត់ធ្វើដំណើរជាបន្តបន្ទាប់ ដើម្បីបង្ការពីជំងឺកូវីដ-១៩៕