(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ និងយុវជន ស.ស.យ.ក. ខេត្ត ចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៦៩គ្រួសារ ក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០កន្លងមក។
ក្នុងឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ បាននាំបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ គ្រួសាររងគ្រោះទាំងអស់ ដោយសម្ដេចសូមចូលរួមសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនគ្រួសាររងគ្រោះនាពេលនេះទាំងអស់។
លោកស្រី ក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចៀសវាងជួបគ្រោះថ្នាក់ពីគ្រោះធម្មជាតិ ជាយថាហេតុ ព្រោះថាព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលអាកាសធាតុក្តៅខ្លាំងមួយរយៈពេលនេះ គឺនៅពេលមានភ្លៀងធ្លាក់ម្ដងៗ អាចលាយឡំទៅដោយខ្យល់កន្ត្រាក់ ផ្គររន្ទះដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀតលោកស្រីបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកប្រជាពលរដ្ឋកុំឱ្យធ្វេសប្រហេសពីជំងឺរាតត្បាតកូវីដ១៩ ដោយមួយរយៈនេះ នៅក្នុងប្រទេសកម្ពុជា សង្កេតឃើញថា មិនមានករណីឆ្លងថ្មី និងបានព្យាបាលអ្នកជំងឺកូវីដជាសះស្បើយឡើងវិញជាច្រើនអ្នករហូតគិតត្រឹមថ្ងៃទី២៦ ខែមេសានេះ អ្នកជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា នៅសល់តែ ៥នាក់ប៉ុណ្ណោះ គឺប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរស់នៅមានការប្រុងប្រយ័ត្នខ្ពស់ ពីសុខមាលភាពខ្លួនឯង និងក្រុមគ្រួសារ ការរស់នៅត្រូវមានអនាម័យ រស់នៅស្អាត ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ហើយបើគ្មានការចាំបាច់សូមស្នាក់នៅក្នុងផ្ទះ ហាមមានការជួបជុំប្រមូលផ្តុំគ្នា រក្សាគំលាតពីគ្នា២ម៉ែត្រ រាល់ពេលជួបសន្ទរនាគ្នា ចំអិតនិងបរិភោគអាហារដែលឆ្អិនល្អ។
បន្ថែមពីនេះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីបងប្អូន មិត្តភ័ក្រ្ត រយៈពេល ១៤ថ្ងៃសិន ក្នុងករណីបងប្អូនមានអាការៈដូចជាផ្តាសាយ មានកំដៅចាប់ពី ៣៧.៥អង្សា ក្អកស្ងួត ហៀសំបោរ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅជិតបំផុត ឬហៅទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរ ភូមិ ឃុំដែលនៅកៀក និងជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបានបញ្ជូនបងប្អូនទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ។ ដូច្នេះ ហើយយើងទាំងអស់គ្នា ត្រូវចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យជំងឺនេះ មានការរីករាលដាលដល់សហគមន៍មូលដ្ឋានរបស់យើង។
លោកស្រីបណ្ឌិត បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងគិតគូរវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនទុកឱ្យប្រជាពលរដ្ឋរូបណាម្នាក់ នៅឯកោឡើយដោយរាជរដ្ឋាភិបាលបានខិតខំស្វែងរកដៃគូអភិវឌ្ឍន៍មកចូលរួម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនបន្តថែមទៀត ទុកជូនកូនចៅជំនាន់ក្រោយរស់នៅដោយសុខក្សេមក្សាន្ត។
អំណោយដែលនាំប្រគល់ជូប្រជាពលរដ្ឋរងគ្រោះទាំង១៦៩គ្រួសារ នាពេលនេះរួមមាន៖ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ស័ង្កសី និងថវិកាមួយចំនួន សម្រាប់សម្រាលការលំបាក ចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរ ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង លោកស្រី ដឹកនាំក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា និង ស.ស.យ.ក. ខេត្ត និងមូលដ្ឋាន សហការជាមួយអាជ្ញាធរស្រុក ភូមិ ឃុំជួយជួសជុល និងសង់លំនៅដ្ឋានជូនឡើងវិញផងដែរ៕