(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ មេត្តាប្រុងប្រយ័ត្នបំផុតចំពោះជំងឺកូវីដ១៩ (COVID-19) បើទោះបីជំងឺនេះ មានស្ថានភាពធូរស្រាលក៏ដោយ។
ថ្លែងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការមើលស្រាល និងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត»។
លោក ម៉ម ប៊ុនហេង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំប្រជាជនទូទៅប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្រោមចំណងជើងថា «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ១៩ គ្រប់ពេលជានិច្ច» ហើយត្រូវអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ-កម្មការិនី មិនត្រូវមើលស្រាលចំពោះជំងឺកូវីដ១៩ នោះឡើយ។
លោក ម៉ម ប៊ុនហេង ក៏បានសម្តែងការព្រួយបារម្ភផងដែរ ដោយសារមួយរយៈខ្លីនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ មានលក្ខណៈធូរស្រាល ប្រជាពលរដ្ឋចាប់ផ្តើមរស់នៅជុំគ្នាតាមទម្លាប់ ហាក់បីដូចជាភ្លេចខ្លួននឹងវិធានការការពារជំងឺនេះ។ លោកចាត់ទុកថា ការមករស់នៅជុំគ្នាបែបនេះ គឺជាការធ្វេសប្រហែស និងជាការខ្វះការប្រុងប្រយ័ត្នមួយ ចំពោះជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រី អះអាងថា ជំងឺកូវីដ១៩ មិនទាន់អស់ពីប្រទេសកម្ពុជា ពោលជំងឺនេះអាចកើតឡើងវិញត្រឹមមួយប៉ព្រិចភ្នែក បើសិនជាយើងធ្វេសប្រហែស។ លោកថ្លែងថា «សូមកុំយល់ច្រឡំថា កម្ពុជាអស់ជំងឺកូវីដ១៩ ឲ្យសោះ»។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថែមទាំងបានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់ ១១៩នាក់ នៅសល់តែ ៣នាក់ទៀតប៉ុណ្ណោះ និងមិនមានករណីឆ្លងថ្មីទេ។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងដែរថា អ្នកជាសះស្បើយចំនួន២នាក់ រួមមាន ជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ និងស្រ្តីជនជាតិបារាំង ជាភរិយា អាយុ២៨ឆ្នាំ ដែលជាឪពុកម្តាយរបស់ទារកអាយុ០៤ខែ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់តាមប្រទេសសាំងហ្គាពួរ និងស្នាក់នៅបណ្តោះអាសន្ន នៅម្តុំទួលទំពូង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវិដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកុមារជាតិទាំងអស់គ្នា។
ចំណែកអ្នកកំពុងសម្រាកព្យាបាលសរុបបានថយចុះមកត្រឹម ៣នាក់ ក្នុងនោះស្រ្តីម្នាក់ បុរស ២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត៕