Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រ សេរី កុសល ចុះជួបសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ

27-04-2020 13:37

(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានចុះជួបសំណេះសំណាល និងនាំយកអំណោយស្បៀងអាហារ រួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ សាប៊ូ ម៉ាស ចែកជូនប្រជាពលរដ្ឋក្រីក្រ ជាង៥០០គ្រួសារ ក្នុងនោះមាន៥០០គ្រួសារ នៅក្នុងស្រុកភ្នំស្រុក និង៤០គ្រួសារ ក្នុងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

ក្នុងពិធីសំណេះសំណាល និងចែកអំណោយនោះ ក៏មានការពិសានំបញ្ចុកផងដែរ។ ជំនួយស្បៀងអាហារនេះ ក៏មានការចូលរួមជួយឧបត្ថម្ភពីសម្តេចសង្ឃ ព្រះគ្រូចិន ជីងខឺសៀនឡៃ ដែលមានសិស្សគុណ មកចូលរួមចែកជូនដល់បងប្អូន ប្រជាលរដ្ឋផងដែរ។

ក្នុងឱកាសនោះ លោក សេរី កុសល បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។

អ្នកតំណាងរាស្ត្រ សេរី កុសល ក៏បានជម្រាបជូនប្រជាពលរដ្ឋផងដែរ កុំជឿតាមការភិតភ័យ និងបំបាស់បំបោតាមរូបភាពផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេសពីសំណាក់ពួកអមិត្ត ជាពិសេសអ្នកដែលយកវិទ្យុបរទេស ធ្វើជាឈ្នាន់ដើម្បីបំភិតបំភ័យប្រទេសជាតិ ក្នុងបំណងបំផ្លាញនូវសន្តិភាព។

លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈលំបាកដោយបញ្ហាជំងឺកូវីដ១៩នេះ សូមរួបរួមគ្នាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល ដោយសារតែរាជរដ្ឋាភិបាលមានវិធានការគ្រប់គ្រាន់ជំងឺកូវីដនេះ ដែលធ្វើឲ្យប្រទេសកម្ពុជា មានចំនួនអ្នកឆ្លងតិច និងព្យាបាលជាសះស្បើយជាស្ទើរទាំងស្រុង មិនដូចប្រទេសមួយចំនួនទៀតនៅលើពិភពលោកនោះឡើយ។

ជាមួយគ្នានោះ លោក សេរី កុសល ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនឹងអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីនៅរយៈពេលប៉ុន្មានចុងក្រោយនេះ កម្ពុជាមិនការឆ្លងរីករាលដាលជំងឺយ៉ាងណាក្ដី៕