(ស្វាយរៀង)៖ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានទទួលយកអំណោយ ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះអនុគណក្រុង-ស្រុក មន្ត្រីសង្ឃក្រុង-ស្រុក និងព្រះគ្រូចៅអធិការវត្តទូទាំងខេត្តស្វាយរៀង បានផ្ដល់ជូនដល់រដ្ឋបាលខេត្តសម្រាប់ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកអភិបាលខេត្ត បានថ្លែងអំណរព្រះគុណ និងកោតសរសើរចំពោះ ទឹកព្រះទ័យរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងព្រះសង្ឃ គ្រប់ព្រះអង្គ បានចូលរួមជាមួយរដ្ឋបាលខេត្ត សម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការមួយប្រកបដោយសប្បុរសធម៌ និងមិនអាចខ្វះបានចំពោះការរួមចំណែកទៅលើវិស័យពុទ្ធចក្រ ចូលរួមជាមួយវិស័យអាណាចក្រក្នុងកិច្ចការដោះស្រាយបញ្ហាសង្គម។
លោកសន្យាថា អំណោយដែលបានផ្ដល់ជូននេះ រដ្ឋបាលខេត្តនឹងយកទៅចាត់ចែងក្នុងគោលដៅបម្រើឲ្យសកម្មភាពនានា ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គមដូចជា ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋានក្នុងខេត្ត ស្របតាមអនុសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្តេចតែងតែបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ។
ជាមួយនឹងការថ្លែងអំណរព្រះគុណនូវទឹកព្រះទ័យដ៏សប្បុរសនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវសេចក្ដីសង្ឃឹមជឿជាក់ថា ព្រះមេគណខេត្ត ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងទីអារាមក្នុងខេត្តទាំងអស់ នឹងបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង កាន់តែទទួលបានជោគជ័យ និងទប់ស្កាត់បានជាបន្តទៀតមិនឲ្យមានប្រជាពលរដ្ឋឆ្លងនូវជំងឺរាតត្បាត ដ៏កាចសាហាវមួយនេះ។
អំណោយរួមមាន៖ អង្ករ១តោន, ខ្នើយ៦៥, ភួយ៤៨, ចានស្រាក់២១, កន្ទេល៧៧, មុង៤៩, កំសៀវ៣៩, បំបង់ទឹកក្តៅ២០, ចានដែក(កាធុន)៣០, ទឹកត្រី ទឹកស៊ីអ៊ីវ១២យួរ, មី១៨កេស, ឆ្នាំងខ្ទះ២០, ឆ្នាំងតូចធំ៦២, ស្បែងជើង១៧គូ, ចង្ក្រាន្តហ្គាស២៦, ធុងទឹកកក៣៤ និងថវិកាចំនួន ៧លានរៀល៕