(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆនថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាល ហើយត្រូវបានអនុម័តដោយរដ្ឋសភា និងគាំទ្រដោយព្រឹទ្ធសភា គឺស្របទៅតាមរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រុមប្រឹក្សាធម្មនុញ្ញដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសុំពិនិត្យធម្មនុញ្ញភាពច្បាប់ ស្តីពីការការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានឆ្លងផុតព្រឹទ្ធសភាហើយ ក្រោមការអនុម័តគាំទ្រ ដោយសំឡេង៥៤ លើ៥៤ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ដើម្បីបើកផ្លូវឱ្យសេចក្តីព្រាងច្បាប់នេះ ឈានទៅដល់ការប្រកាសឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិ ក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕