(ព្រៃវែង)៖ បុរសម្នាក់ជាអ្នកបើកបររថយន្តឈ្មួលតណ្ហាឡើងពុះកញ្ជ្រោលរោលរាលចាប់បង្ខំស្ត្រីជិះរថយន្តជាមួយរំលោភបានសម្រេច នៅលើរថយន្តរបស់ខ្លួនក្រោយពីដាក់មនុស្សអស់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ករណីឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១២៖៤៣នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

ជនរងគ្រោះម្នាក់ អាយុ៣៣ឆ្នាំ នៅឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់សមត្ថកិច្ចថា ខ្លួនត្រូវបានឈ្មោះ ខុន រិត អាយុ២៩ឆ្នាំ នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញ មកស្រុកមេសាង ចាប់បង្ខំខ្លួនរំលោភសេពសន្ធវៈបានសម្រេច នៅលើរថយន្ត ក្រោយពីដាក់មនុស្សអស់ពីរថយន្តកាលពីវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាង។

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងជំនាញនគរបាលស្រុក ចុះសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេស បើកការស៊ើបអង្កេតឈានដល់នាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត និងរថយន្តរបស់ជនសង្ស័យមកសាកសួរ នៅប៉ុស្តិ៍នគរបាលច្រេស។

ក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់បង្ខំរំលោភបានសម្រេច ទៅលើជនរងគ្រោះនៅលើរថយន្តរបស់ខ្លួនពិតប្រាកដមែន កាលពីយប់ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០កន្លងទៅ ដោយសារជនរងគ្រោះជិះរថយន្តរបស់ខ្លួនពីភ្នំពេញ មកស្រុកកំណើតឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

បច្ចុប្បន្នរថយន្ត និងជនសង្ស័យ ខុន រិត ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកមេសាង និងត្រៀមបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាត់ការតាមនីតិវិធី៕