(កំពង់ឆ្នាំង)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ដែលមានទីតាំងស្ថិតក្នុងភូមិចំកាម៉ុច ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់ពីភ្ញៀវទេសចរជនជាតិខ្មែរមួយក្រុម មានគ្នា ៤នាក់បានដើរលេងកម្សាន្តក្នុងព្រៃ ហើយវង្វេងផ្លូវបាត់ខ្លួនអស់រយៈពេល ៩ម៉ោង ទើបកម្លាំងអាជ្ញាធររកឃើញ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា កាលពីរសៀលថ្ងៃម្សិលមិញ មានភ្ញៀវទេសចរណ៍ចំនួន ៦នាក់ ជិះរថយន្តមួយគ្រឿង បានទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលខាងលើនេះ។
ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង ៦នាក់ មាន៤នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ បាននាំគ្នាដើរឡើងទៅលើកំពូលភ្នំជាកន្លែងទឹកធ្លាក់ ដែលគេហៅថាចំណុច «ស្រែទាក» ដោយពួកគេបានឡើង តាំងពីម៉ោង ២សៀល រហូតដល់ម៉ោង ៨យប់ នៅតែមិនឃើញត្រឡប់មកវិញ ទើបអ្នកដែលរង់ចាំនៅខាងក្រោម ២នាក់ មានការជ្រួលច្របល់ ក៏បានទូរស័ព្ទទៅសមត្ថកិច្ចដើម្បីឲ្យមកជួយរុករក។
លោកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីដំណឹងនេះបានឮដល់លោកអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន, លោកអភិបាលខេត្ត ក៏បានបញ្ជាកងកម្លាំងរួមមាន អាជ្ញាធរស្រុក អធិការស្រុក មន្ត្រីទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ កម្លាំងបរិស្ថានដែលដែលឈរជើងនៅតំបន់នោះជាច្រើននាក់ ឲ្យនាំគ្នាឡើងរុករកនៅតាមតំបន់ផ្សេងៗគ្នា ការរុករកបានធ្វើឡើងរហូត ដល់ម៉ោង១០៖៤៧នាទីយប់ ទើបប្រទះឃើញទាំង៤នាក់នោះកំពុងនាំគ្នាដើរនៅក្នុងព្រៃលើកំពូលភ្នំ។
នៅពេលដែលកម្លាំងចម្រុះនាំពួកគេចុះត្រឡប់មកវិញ ក្រុមអ្នកវង្វេងបានប្រាប់ថា នៅទីនេះសប្បាយណាស់ពួកគេមិនចុះទៅវិញនោះទេ ថែមទាំងមានបំណងចង់គេចពីក្រុមសមត្ថកិច្ចចម្រុះទៀតផង តែត្រូវបានក្រុមរុករកឃាត់ជាប់ និងលួងលោមពួកគេឱ្យចុះមកវិញជាមួយឲ្យខាងតែបាន ទើបពួកគេបានសម្រេចចិត្តចុះមកជាមួយកម្លាំងរុករកនោះ។
ពេលមកដល់ខាងក្រោម នៅពេលដែលអាជ្ញាធរសួរនាំទៅអ្នកទាំង៤នាក់ ថាតើមូលហេតុអី្វបានជាពួកគេមិនព្រមចុះពីលើកំពូលភ្នំនេះមក ពួកគេទាំង៤នាក់ក៏បានឆ្លើយដូចៗគ្នាថា នៅទីនោះសប្បាយណាស់ ពួកគេមិនចង់ចុះមកវិញទេ ចង់នៅលេងទីនោះជាបន្តទៀត ដោយសារតែពួកគេ មិនដែលជួបប្រទះកន្លែងណា ដែលសប្បាយដូចនៅទីនោះឡើយ។
បើតាមលោក ហែល អឿន ប្រធានសហគមន៍ទេសចរថ្មក្រាលបានប្រាប់ Fresh News ថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៤រសៀល លោកបានជួបនឹងអ្នកទេសចរទាំង ៤នាក់នោះ ដែលអ្នកទាំងនោះ មានបំណងចង់ទៅលេងនៅកន្លែងទឹកធ្លាក់ នៅខាងលើ។ លោកបានហាមថា វេលានេះមិនអាចទៅបានទេ ដោយសារកន្លែងទឹកធ្លាក់មានចម្ងាយឆ្ងាយ ទម្រាំទៅលេងនិងចុះមកវិញយប់បាត់ទៅ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកទេសចរមួយក្រុមនោះមិនស្តាប់ ថែមទាំងមានចិត្តមានះ ទៅលេងទាល់តែបាន។
សូមបញ្ជាក់ថា នៅពេលដែលកម្លាំងចម្រុះកំពុងធ្វើការរុករកទាំង៤នាក់ខាងលើនេះ នៅក្នុងព្រៃក៏មានលោកតាអាចារ្យម្នាក់ ដែលជាចាស់ព្រឹទ្ធាចារ្យនៅតំបន់នោះ បានទស្សន៍ទាយថាអ្នកទាំងបួននាក់ កំពុងតែដើរលេងសប្បាយនៅលើភ្នំ មិនមានគ្រោះថ្នាក់អ្វីឡើយ។ លោកប្រាប់ថា កុំបារម្ភអី ហើយនៅពេលដែលពួកគេទាំង៤នាក់ចុះមកដល់ខាងក្រោមវិញ លោកតាក៏បានប្រោះទឹក ដល់ពួកគេឱ្យមានសេចក្តីសុខសេចក្តីចម្រើនផងដែរ។
លោក សេង សាលី បានបញ្ជាក់ផងដែរថា តំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាគ្រប់កន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង មិនត្រូវបានក្រសួងទេសចរណ៍ ហាមឃាត់ភ្ញៀវទេសចរ ចូលទស្សនាកម្សាន្តនោះឡើយ ក៏ប៉ុន្តែខាងក្រសួងទេសចរណ៍ ក៏បានណែនាំដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានផ្សេងៗ អនុវត្តទៅតាមគោលការណ៍សុវត្ថិភាពនានារបស់អាជ្ញាធរ។
ទឹកធ្លាក់ថ្មក្រាល គឺរមណីយដ្ឋានធម្មជាតិដ៏ល្អមួយ នាទឹកដីខេត្តកំពង់ឆ្នាំង ប៉ុន្តែភ្ញៀវទេសចរ មិនសូវមានអ្នកស្គាល់នោះទេ ព្រោះរមណីយដ្ឋានធម្មជាតិមួយនេះ បានសំងំលាក់ខ្លួនយ៉ាងជ្រៅ ទម្រាំគេអាចបង្កើតផ្លូវទៅដល់ទីនោះបាន។
រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពងឆ្នាំង។ បើគេធ្វើដំណើរចេញពីរាជធានីភ្នំពេញ លើផ្លូវជាតិលេខ៥ រហូតទៅដល់ស្រុកកំពង់ត្រឡាច ម្តុំសាលាលេខ៥នោះ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅទិសដៅខាងឆ្វេងដៃផ្លូវនេះ ពោលរមណីយដ្ឋាននេះ ស្ថិតនៅភាគខាងលិច នៃខេត្តកំពង់ឆ្នាំង ប្រមាណ៥០គីឡូម៉ែត្រ។
ការចង់ទៅកម្សាន្តនៅរមណីយដ្ឋាន ធម្មជាតិទឹកធ្លាក់ថ្មក្រាល មិនមែនជាការលំបាកអ្វីឡើយ ព្រោះសហគមន៍នៃតំបន់នោះ បានបង្កើតផ្លូវធ្វើដំណើរយ៉ាងងាយស្រួល។ អ្នកទេសចរ អាចប្រើម៉ូតូ ឬរថយន្តក៏បាន ក្នុងការបើកលើផ្លូវកៅស៊ូពណ៌ខ្មៅ និងបន្តដំណើរលើផ្លូវគ្រួសក្រហម រហូតដល់ទីតាំងគួរជាទីមនោរម្យមួយនេះ៕