(ស្វាយរៀង)៖ អ្នកញៀនល្បែងអាប៉ោងមួយក្រុម ត្រូវបាននគរបាលស្រុកស្វាយទាប ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សពីរនាក់ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមនគរបាលស្រុក បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៉ឹម សារិត ជាម្ចាស់ផ្ទះបើកឱ្យលេងល្បែងស៉ីសង និងឈ្មោះ ហាក់ ហ៉ិន អាយុ ៥៤ឆ្នាំ រស់នៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបានឱ្យដឹងទៀតថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរឿងលេងល្បែងនេះ លោក កែវ សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយទាប បានដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេងបានចំនួន២នាក់ ព្រមទាំងវត្ថុតាងមួយចំនួន រួមមាន ចានមួយ គម្របផ្តិលមួយ កម្រាលលេងមួយ និងម៉ូតូ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមច្បាប់៕