(ព្រះវិហារ)៖ ឧកញ្ញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួន ដល់អាជ្ញាធរខេត្តព្រះវិហារ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ បានទទួលសម្ភារ និងថវិកាទាំងនេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
លោក ឃៀង សុជីវ័ន្ត និងក្រុមការងារ តំណាងឧកញ៉ាបណ្ឌិត ទ្រី ភាព បានថ្លែងថា អំណោយក្រុមហ៊ុន ទ្រីភាព គ្រុប ដែលបាននាំមកប្រគល់ជូនអាជ្ញាធរខេត្តព្រះវិហារ រួមមាន៖ មីជាតិ ១០០កេះធំ (ស្មើ ៦០០ កេះតូច) ម៉ាស ៥០០០ម៉ាស ទឹកអាល់កុល ៣០០លីត្រ ដបបាញ់អាល់កុល ៥០ដប និងថវិកាចំនួន ២០.០០០.០០០រៀល សរុបជាទឹកប្រាក់ប្រមាណ ៥៧.០០០.០០០រៀល។
លោក ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ាបណ្ឌិត ទ្រី ភាព ដែលតែងតែចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈការចុះជួយអាជ្ញាធរមូលដ្ឋាន។
លោកបន្តថា ក្នុងស្ថានភាពដ៏លំបាកនេះ លោកឧកញ៉ាផ្តល់ការឧបត្ថម្ភ ដោយបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ របស់លោកក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្ថិតនៅក្នុងខេត្តព្រះវិហារ ស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលអំពាវនាវជនរួមជាតិ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា៕