(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅសង្កាត់ទួលសង្កែទី១ប្រមាណ ១០០គ្រួសារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ ទទួលបានអំណោយជាស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារសម្លាប់មេរោគពី «ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល»។
លោក ជរ វេងងួន ប្រធាន ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល បានថ្លែងក្នុងឱកាសនោះថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ក្រុមការងារ «ក្លឹបរ៉ូតថារី» ដែលជាអង្គការអន្ដរជាតិមួយផ្ដោតទៅលើកម្មវិធីមនុស្សធម៌ បាននាំយកនូវអំណោយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនពលរដ្ឋកំពុងជួបការលំបាក នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
លោក ជរ វេងងួន បានថ្លែងថា សម្រាប់គោលដៅជាបន្ដនៅសប្ដាហ៍ក្រោយ អង្គការរបស់លោក នឹងនាំយកនូវសម្ភារបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់មន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង និងមន្ទីរពេទ្យបង្អែកបន្ទាយមានជ័យ ហើយនឹងបន្ដសកម្មភាពចុះជួយសម្រាលកាលលំបាក ដល់ប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗទៀត។
ក្នុងឱកាសនោះ ប្រធាន «ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល» ក៏បានណែនាំដល់ពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រទួលសង្កែ ពីការរក្សាអនាម័យស្អាតជានិច្ច រក្សាគម្លាតពីគ្នា។ បើពុំចាំបាច់ទេ សូមនៅផ្ទះកុំចេញទៅកាន់ទីប្រជុំជនមានមនុស្សច្រើន ដែលងាយឆ្លងជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះ មិនទាន់រកឃើញវ៉ាក់សាំងការពារជំងឺនេះនៅឡើយទេ។
គ្រឿងឧបភោគ បរិភោគ ដែលបាននាំទៅជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនេះរួមមាន៖ អង្ករ ២០គីឡូក្រាម, ឃីតមួយមាន (មី, ទឹកត្រី ទឹកស៊ីអ៊ីវ, និងសម្ភារមួយចំនួនទៀត។ ក្រៅពីគ្រឿងឧបភោគ បរិភោគទាំងនេះ ក្រុមការងារ «ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល» បាននាំយកនូវសម្ភារសម្រាប់សម្លាប់មេរោគកូវីដ១៩ មានដូចជា អាល់កុល និងជែល ជូនដល់ប្រជាពលរដ្ឋទាំង១០០គ្រួសារនេះផងដែរ។
សូមបញ្ជាក់ថា «ក្លឹបរ៉ូតថារី» ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា ដែលមានអាយុកាលប្រមាណជា១០០ឆ្នាំមកហើយ។ អង្គការនេះមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។
សម្រាប់ «ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល» ដែលជាសាខាមួយនៅក្នុងប្រទេសកម្ពុជា ក៏បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មផងដែរ ដើម្បីរួមចំណែកជួយដល់សង្គម។
កាលពីថ្មីៗនេះ «ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល» ក៏បាននាំយកនូវសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យរុស្ស៉ី រួមទាំងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត៕