(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មាននេះ នឹងត្រូវធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។
សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។
សូមជម្រាបថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៧នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕