(ភ្នំពេញ)៖ លោក ហាក់សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកស្រី នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល និងផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រ ដើររើសអេតចាយ លើគំនរសំរាម ចំនួន២៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងអង្គការ ស្កុតស្ទឹងមានជ័យទី២។
ក្នុងពិធីនេះ ក៏មានការចូលរួម ពីលោក សម វង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលជាម្ចាស់ក្រុមហ៊ុន SV Constraction and Decoration ដោយមានការរៀបចំ សហការចូលរួម លោក ឡុងង៉ែត អភិបាលរងខណ្ឌមានជ័យ និងលោកចៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ហាក់សុខមករា បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងអង្គការ ស្កុតស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
អភិបាលរងខេត្តត្បូងឃ្មុំ និងអាជ្ញាធរខណ្ឌមានជ័យ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនិងអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីនៅរយៈពេលប៉ុន្មានចុងក្រោយនេះ កម្ពុជា មិនការឆ្លងរីករាលដាលជំងឺយ៉ាងណាក្ដី។
សូមជម្រាបថា អំណោយសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ រើសអេតចាយ លើគំនរសំរាម នាពេលនេះ បានមកពី លោក សមវង និង លោកស្រី ម្ចាស់ក្រុមហ៊ុន SV Decoration and Constraction៕